តៃវ៉ាន់ ៖ រយៈពេលចុងក្រោយនេះ គ្រោះរញ្ជួយដីបានកើតឡើងជាញឹកញាប់នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ មីយ៉ាន់ម៉ា, វៀតណាម និងថៃ ហើយធ្វើឱ្យរដ្ឋាភិបាលប្រទេសទាំងនេះប្រុងប្រយ័ត្ននឹងគ្រោះធម្មជាតិ និងកំណត់វិធានការផ្សេងៗសម្រាប់ជួយជនរងគ្រោះដោយសាររញ្ជួយដី ។ រីឯនៅតៃវ៉ាន់វិញ ក៏មានគ្រោះរញ្ជួយដីដែរ ដែលធ្វើឱ្យអគារមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងតៃប៉ិ ទទួលកម្លាំងរំញ័រ ។
.png)
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅភាគឦសានតៃវ៉ាន់ ស្មើ៥រិចទ័រ និងមានឥទ្ធិពលរហូតដល់ទីក្រុងតៃប៉ិ ។ គ្រោះរញ្ជួយដីនេះមានចំណុចកណ្តាលនៅខេត្តអ៊ីឡាន ក្បែរទីក្រុងតៃប៉ិ ដែលមានជម្រៅប្រមាណ ៧០គីឡូម៉ែត្រ ខណៈការិយាល័យពន្លត់អគ្គិភ័យខេត្តអ៊ីឡាន និងការិយាល័យពន្លត់អគ្គិភ័យជាតិតៃវ៉ាន់ បានផ្តល់ព័ត៌មានមកកាន់សារព័ត៌មាន AFP ថា ពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងរបួសទេ ។
ការដឹកជញ្ជូនសាធារណៈនៅតែផ្តល់សេវាកម្មតាមធម្មតា រួមទាំងរថភ្លើងល្បឿនលឿន ក៏គ្មានផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ គឺមានតែរថភ្លើងក្រោមដីនៅទីក្រុងតៃប៉ិ បានផ្អាកបណ្តោះអាសន្នដើម្បីសុវត្ថិភាព ។ តៃវ៉ាន់ មានទីតាំងស្ថិតលើចំណុចតភ្ជាប់សំបកផែនដី ចំនួន២ និងនៅជិត Ring of Fire ប៉ាស៊ីហ្វិក ដែលជាចំណុចកើតរញ្ជួយដីញឹកញាប់បំផុតលើពិភពលោក ។
កាលពីខែមេសា ឆ្នាំ២០២៤ តៃវ៉ាន់ ធ្លាប់កើតគ្រោះរញ្ជួយដីមានកម្លាំងខ្លាំងបំផុតក្នុងរយៈពេល២៥ឆ្នាំ ស្មើ៧.៤រិចទ័រ ដែលបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ ស្លាប់យ៉ាងហោចណាស់ ១៧នាក់ ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុងហួលៀន ។ មុននេះ នៅឆ្នាំ១៩៩៩ តៃវ៉ាន់ បានកើតរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ គឺស្មើ៧.៦រិចទ័រ ដែលបានឆក់យកជីវិតពលរដ្ឋតៃវ៉ាន់ រហូតដល់ជាង២,៤០០នាក់ ។
ក្រោយហេតុការណ៍រញ្ជួយដីខ្លាំងនៅឆ្នាំ១៩៩៩ រដ្ឋាភិបាលតៃវ៉ាន់ ក៏បានកែលម្អបទប្បញ្ញត្តិការសាងសង់ ដោយផ្តោតលើការសាងសង់អគារឱ្យរឹងមាអាចទប់ទល់ជាមួយរញ្ជួយដី ដូចជា ៖ ការប្រើប្រាស់ដែកដើទប់ទល់នឹងកម្លាំងរំញ័រ ។ ក្រៅពីនេះ តៃវ៉ាន់ បានបង្កើតប្រព័ន្ធទំនើបផ្តល់ដំណឹងជាមុន ដែលអាចប្រាប់ពលរដ្ឋពីរញ្ជួយដីយ៉ាងឆាប់រហ័ស មិនដល់១នាទី ព្រមទាំងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធទំនើបជាបន្តបន្ទាប់ ។ វាអាចផ្តល់ដំណឹងរញ្ជួយដីទៅដល់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល តាមរយៈទូរស័ព្ទស្មាតហ្វូន និងបណ្តាញអ៊ីនធើរណេតល្បឿនលឿន ៕










