ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នំភ្លើងភក់នៅរដ្ឋយ៉ាក់ខៃ ប្រទេសមីយ៉ាន់ម៉ា បានផ្ទុះចេញដីភក់មានកំដៅរហូតដល់១០០អង្សាសេ ដែលធ្វើឱ្យពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ភ័យខ្លា.ចគ្រប់គ្នា ។ ក្រៅពីរដ្ឋយ៉ាក់ខៃ មានផ្ទៃដីគោក រដ្ឋនេះក៏មានកោះជាច្រើនផងដែរ ដែលកោះទាំងនេះមានទីតាំងភ្នំភ្លើងភក់ជាច្រើនកន្លែង ហើយការផ្ទុះភ្នំភ្លើងភក់នេះមានកម្លាំងរំញ័រឆ្ងាយមកដល់ទីក្រុងបាងកក ប្រទេសថៃ ។
ការផ្ទុះឡើងរបស់ភ្នំភ្លើងភក់ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបារម្ភយ៉ាងខ្លាំង ដោយសារវាផ្ទុះឡើងក្រោយរញ្ជួយដីកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់ពីអ្នកជំនាញថា តើភ្នំភ្លើងភក់ផ្ទុះឡើងពាក់ព័ន្ធនឹងរញ្ជួយដីកើតឡើងនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែរឬទេ?
តាមឯកសារបញ្ជាក់ថា ភ្នំភ្លើងភក់មានលក្ខណៈខុសប្លែកពីភ្នំភ្លើងទូទៅ គឺភ្នំភ្លើងទូទៅផ្ទុះឡើងដោយសារកំដៅនៅក្រោមដី ហើយក្រោយពេលផ្ទុះ វានឹងមានកំអែភ្នំភ្លើងចេញមក ។ រីឯភ្នំភ្លើងភក់ពុំបានផ្ទុះចេញកំអែភ្នំភ្លើងទេ វាផ្ទុះចេញដីភក់ក្តៅៗ ដោយសារមានឧស្ម័ននៅក្រោមដី និងមានកំដៅខ្លះ វាផ្ទុះដោយសារឧស្ម័នក្រោមដី និងចលនាស្រទាប់ផែនដី ។
ពលរដ្ឋមីយ៉ាន់ម៉ាមានចម្ងល់ថា តើភ្នំភ្លើងភក់ផ្ទុះពាក់ព័ន្ធនឹងរញ្ជួយដីកើតឡើងនៅទីក្រុងម៉ាន់ដាឡៃ ដែលមានចំណុចកណ្តាលនៅទីក្រុងសាកាយ ដែរឬទេ? ពីព្រោះទីក្រុងទាំងពីរនេះស្ថិតនៅក្បែរភាគខាងជើង ខណៈរដ្ឋយ៉ាក់ខៃ នៅភាគខាងជើងមីយ៉ាន់ម៉ា ។ ការផ្ទុះរបស់ភ្នំភ្លើងភក់លើកនេះមានកម្លាំងរំញ័រចម្ងាយ១,៣៣១គីឡូម៉ែត្រ រហូតដល់ទីក្រុងបាងកក ប្រទេសថៃ ។

បច្ចុប្បន្ន ពលរដ្ឋមីយ៉ាន់ម៉ារង់ចាំការបកស្រាយពីមូលហេតុភ្នំភ្លើងភក់ផ្ទុះរបស់អ្នកជំនាញ ខណៈរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសាររញ្ចួយដី និងតទល់ជាមួយក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ។ ពលរដ្ឋចង់ឱ្យរដ្ឋាភិបាលជូនដំណឹងពីការផ្ទុះភ្នំភ្លើងភក់ ដើម្បីឱ្យពួកគេអាចត្រៀមខ្លួនជាមុន ។
គួរបញ្ជាក់ថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា រហូតមកដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ គឺកើនឡើងរហូតដល់៣,៥៦៤នាក់ ខណៈពលរដ្ឋរងរបួសកើនឡើងដល់៥,០០០នាក់ និងបាត់ខ្លួន២១០នាក់ ។.png)
កាលពីព្រឹកថ្ងៃទី៦ ខែមេសា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងរយៈពេលជិត១ម៉ោង នៅទីក្រុងម៉ាន់ដាឡៃ ហើយដោយសារទីក្រុងនេះជាតំបន់ទំនាប ទើបមានការបារម្ភថា អគារនឹងឆាប់ស្រុតដោយសារទឹកភ្លៀងធ្វើឱ្យដីជ្រាយ ។ ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ១,០០០នាក់ ដែលបោះតង់ស្នាក់នៅតាមទីវាលបានសម្រាកនៅក្រោមភ្លៀង ព្រមទាំងខ្វះខាតថ្នាំព្យាបាល អាហារ និងគ្មានទឹក-ភ្លើង និងប្រព័ន្ធទំនាក់ទំនង ។ ពលរដ្ឋមីយ៉ាន់ម៉ាជួបគ្រោះធម្មជាតិផ្ទួនៗ ទាំងរញ្ជួយដី ទាំងបន្ទុះភ្នំភ្លើង ខណៈពួកគេបានរស់នៅជាមួយសង្គ្រាមរយៈពេល៤ឆ្នាំ តាំងពីរដ្ឋាភិបាលយោធាកាន់អំណាច ៕










