ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាពេលវេលាដែលគេកំណត់ថានឹងត្រូវផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី ដែលខ្មែរយើងតែងជឿថា ក្នុងអំឡុងពេលនោះនឹងមានទេពធីតាដែលជាបុត្រីរបស់កបិលមហាព្រហ្មចុះមកប្ដូរវេនគ្នារៀងរាល់មួយឆ្នាំម្ដង ដើម្បីគ្រប់គ្រង និងថែរក្សាប្រជានុរាស្ត្រនៅឋានកណ្ដាលរយៈពេញមួយឆ្នាំ។
ត្រង់ចំណុចនេះ អាចនឹងមានមនុស្សមួយចំនួនមានការយល់ច្រលំថា រាល់ទេពធីតាគ្រប់អង្គដែលចុះមក តែងមានយានជំនិះជាសត្វដែលតំណាងអោយឆ្នាំថ្មីដែលត្រៀមនឹងផ្លាស់នោះ។ ឧទាហរណ៍៖ ចូលឆ្នាំជូត ទេពធីតាដែលយាងចុះ នឹងជិះសត្វកណ្ដុរ, ឆ្នាំឆ្លូវ ត្រូវជិះគោ រឺឆ្នាំខាល ត្រូវជិះខ្លាជាដើម។ ប៉ុន្តែការពិតមិនមែនបែបនេះទេ តាមសៀវភៅមហាសង្រ្កាន្ត បុត្រីរបស់កបិលមហាព្រហ្ម មានតែ៧អង្គប៉ុណ្ណោះ មិនមែនមានចំនួន១២ដូចឆ្នាំទាំង១២ឡើយ។
ទេពធីតាទាំង ៧អង្គនោះ តែងឆ្លាស់វេនគ្នាកាន់ភារកិច្ច ចុះមកកាន់ជម្ពូទ្វីបដើម្បីថែរក្សាមនុស្សលោក។ ដូចនេះសម្រាប់ឆ្នាំណាដែលតម្រូវចំទេពធីតាអង្គណាដែលត្រូវចុះ រឺមានយានជំនិះជាសត្វអ្វី? គឺគេកំណត់តាមថ្ងៃនីមួយៗ និងលំអានតាំងពីបុរាណកាលមកដូចខាងក្រោម៖
១. ថ្ងៃអាទិត្យ ៖ ព្រះនាម “ទុង្សទេវី” ជាបុត្រីទី១ មានអម្ពរពណ៌ក្រហម សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (សោយផ្លែល្វា), ព្រះហត្ថស្តាំកងចក្រ ព្រះហត្ថឆ្វេងស័ង្ខ រឺខ្យងស័ង្ខ និងមានពាហនៈគ្រុឌជាយានជំនិះ។
២. ថ្ងៃចន្ទ ៖ ព្រះនាម “គោរាគទេវី” ជាបុត្រីទី២ អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង ព្រះហត្ថស្តាំកាន់ព្រះខ័ន ព្រះហត្ថឆ្វេងកាន់ឈើច្រត់ មានយានជាពាហនៈខ្លា។
.jpg)
៣. ថ្ងៃអង្គារ ៖ ព្រះនាម “គោរាក្សសាទេវី” បុត្រីទី៣ អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារជាលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆ្វេងគឺធ្នូ ជិះពាហនៈអស្សតរ (សត្វសេះ)។

៤. ថ្ងៃពុធ ៖ ព្រះនាម “មណ្ឌាទេវី” ជាបុត្រីទី៤ អម្ពរពណ៌បៃតងខ្ចី សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ជាកែវពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និង ជិះពាហនៈ លា។.jpg)
៥. ថ្ងៃព្រហស្បត្តិ៍ ៖ ព្រះនាម “កិរិណីទេវី” បុត្រីទី៥ អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា គ្រឿងប្រដាប់ត្បូងមរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង និងមានពាហនៈដំរីជាយាន។
.jpg)
៦. ថ្ងៃសុក្រ ៖ ព្រះនាម “កិមិរាទេវី” បុត្រីទី៦ អម្ពរពណ៌ស សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងជិះពាហនៈក្របី។
៧. ថ្ងៃសៅរិ៍ ៖ ព្រះនាម “មហោទរាទេវី” បុត្រីទី៧ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ (សាច់ឈ្លូស) អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ និងជិះពាហនៈក្ងោក៕.jpg)










