ប៉ុន្មានថ្ងៃថ្មីៗនេះ កញ្ញា Thuy Tien Miss Grand International 2021 បានក្លាយជាប្រធានបទក្តៅគគុកនៅក្នុងវិស័យបវរកញ្ញាបន្ទាប់ពីរឿងអាស្រូវ របស់នាងផ្សព្វផ្សាយផលិតផលស្ករគ្រាប់ Kera មួយស្មើបន្លែមួយចានដែលកេរ្តិ៍ឈ្មោះ ត្រូវបានប៉ះពាល់តិចឬច្រើន។ ថ្មីៗនេះ នាងក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នមិនឱ្យចាកចេញពីប្រទេសដើម្បី ស៊ើបអង្កេតផងដែរជាមួយនឹងទឹកប្រាក់ពិន័យ២៥លានដុងប្រមាណជាង៩៦៨ដុល្លារ។ចំពោះការមិនផ្តល់ព័ត៌មានច្បាស់លាស់ដល់អ្នកប្រើប្រាស់។
ចំពេលមានរឿង «តានតឹង» លេចចេញជាបន្តបន្ទាប់រាល់ព័ត៌មានទាក់ទងនឹង Thuy Tien ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ ក្នុងនោះពាក្យចចាមអារ៉ាមអំពីប្រាក់ចំណូលរបស់នាងត្រូវបានជីកកកាយម្តងទៀត។ នៅខែធ្នូ ឆ្នាំ២០២៣ ការបង្ហោះអំពីប្រាក់ចំណូលរបស់ Thuy Tien បានបង្ហាញខ្លួននៅលើវេទិកាវិស័យសិល្បៈកម្សាន្តជាពិសេសមានពាក្យចចាមអារ៉ាមថា Miss Grand International 2021 រកចំណូលបានជាង ១០ លានដុល្លារ បន្ទាប់ពីគ្រងមកុដបាន ២ ឆ្នាំ។ មិនយូរប៉ុន្មាន ការបង្ហោះទាក់ទងនឹងប្រាក់ចំណូល ១០ លានដុល្លាររបស់ Thuy Tien នៅលើវេទិកាក៏ត្រូវបានលុបចេញដែរ ព្រោះអ្នកលេងអ៊ីនធឺណិតមិនសប្បាយចិត្ត។

នេះមិនមែនជាលើកទីមួយទេ ដែលនាងជួបរឿងចម្រូងចម្រាសទាក់ទងនឹងចំណូលរបស់នាង បន្ទាប់ពីឈ្នះមកុដអន្តរជាតិ។ នៅក្នុងខែមីនា ឆ្នាំ២០២៣ Nawat Itsaragrisil ដែលជាស្ថាបនិក និងជាប្រធានកម្មវិធីប្រកួត Miss Grand International បានបង្ហាញឱ្យដឹងថា Thuy Tien រកបានយ៉ាងហោចណាស់ ២-៣ លានដុល្លារអាម៉េរិកក្នុងអាណត្តិរបស់នាង ជាមួយនឹងប្រាក់ចំណូលបានមកពីការចូលរួមព្រឹត្តិការណ៍នានា និងធ្វើជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកយីហោធំៗជាច្រើនទាំងក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ កន្លងមក លោក Nawat ក៏បានចែករំលែកថា ប្រាក់ចំណូលរបស់ Thuy Tien បន្ទាប់ពីការឈ្នះមកុដរយៈពេល ២ ខែគឺ ៣០ លានបាត ប្រមាណជាង៨៦ម៉ឺនដុល្លារ។ ក្រោយមកមានការបដិសេធដោយនិយាយថាលោក Nawat គ្រាន់តែនិយាយជាការលេងសើច និងបដិសេធមិនបញ្ចេញនូវចំនួនជាក់លាក់នៃប្រាក់ដែល Thuy Tien រកបានព្រោះវាជារឿងរសើប។.png)
ទំនាក់ទំនងរវាងកញ្ញា Thuy Tien និង Miss Grand International 2021 ក៏ធ្លាប់ជួបបញ្ហាជាច្រើនលើកមកហើយដែរ។ មានពេលមួយដែលលោក Nawat បាននិយាយចំៗ ថាបាន Unfollow អតីត «កូនស្រីសំណព្វ» របស់ខ្លួន បន្ទាប់ពីនាងបានលុប Title ដោយចៃដន្យ នៅលើទំព័របណ្ដាញសង្គមផ្ទាល់ខ្លួន។ ចំពោះរឿង Thuy Tien ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវតាំងពីចូលកាន់តំណែងថ្មីនាងធ្លាប់ប្រាប់ថា៖ «ខ្ញុំតែងតែមានចិត្តថា នឹងមានអ្នកស្អប់ខ្ញុំ ប៉ុន្តែក៏មានមនុស្សដែលស្រលាញ់ខ្ញុំដែរ ពោលគឺជីវិតត្រូវតែមានទាំងគុណសម្បត្តិ និងការលំបាក យើងត្រូវមើលរឿងវិជ្ជមានជានិច្ច ក្នុងរឿងអវិជ្ជមាន ចិត្តរបស់យើងគឺត្រូវគិតយ៉ាងណា ជីវិតខ្ញុំក៏មិនអាចយល់បានដែរ។ ខ្ញុំខ្លួនឯងត្រូវតែជាអ្នកដែលព្យាយាមផ្លាស់ប្តូរឱ្យក្លាយជាល្អប្រសើរជាងមុន»៕










