ប្រទេសវៀតណាម ៖ នាដើមខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា SpaceX គឺជាក្រុមហ៊ុនអាមេរិកផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink ត្រៀមបង្កើតស្ថានីយនៅទូទាំងប្រទេសវៀតណាម យ៉ាងហោចណាស់១៥កន្លែង ហើយក្រុមហ៊ុនរំពឹងថា ការបង្កើតស្ថានីយនឹងរួចរាល់ក្នុងចន្លោះពីខែឧសភា ដល់ខែមិថុនា ។ ក្រុមហ៊ុន SpaceX នឹងដំណើរការសេវាអ៊ីនធើរណេតតាមផ្កាយរណបនៅវៀតណាមនាពេលឆាប់ៗនេះ ក្រោយពីមានការស្នើសុំពីរដ្ឋាភិបាលវៀតណាម ។
ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក SpaceX គឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលវៀតណាម ពីព្រោះក្រុមហ៊ុននេះជារបស់លោក Elon Musk មនុស្សជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក ស្របពេលវៀតណាមក្លាយជាប្រទេសគោលដៅមួយក្នុងតំបន់អាស៊ាន ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធលើទំនិញនាំចូលខ្ពស់ ។ 
តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters គឺរដ្ឋាភិបាលវៀតណាមបានស្នើសុំឱ្យក្រុមហ៊ុន SpaceX ចូលមកវិនិយោគបង្កើតស្ថានីយសេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink នៅប្រទេសវៀតណាម ។ ហេតុនេះ ក្រុមហ៊ុន SpaceX នឹងបង្កើតស្ថានីយនៅទីក្រុងដាណាង ព្រមទាំងបង្កើតស្ថានីយបន្ថែមទៀត យ៉ាងហោចណាស់១៥កន្លែង នៅទូទាំងប្រទេសវៀតណាម ។
គេពុំទាន់ដឹងច្បាស់ថា តើបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមនឹងប្រាកដប្រជា ជាមួយក្រុមហ៊ុន SpaceX ដែរឬទេ? ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីវៀតណាម ស្មើរហូតដល់៤៦% ។ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺរដ្ឋាភិបាលវៀតណាមនឹងអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink សម្រាប់ពលរដ្ឋវៀតណាមរស់នៅតំបន់គ្មានសេវាអ៊ីនធើរណេត ក្នុងដំណាក់កាលដំបូងមិនលើស៦សែននាក់ ។
ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមនឹងអនុញ្ញាតឱ្យលោក Elon Musk ផ្តល់សេវាអ៊ីនធើរណេតតាមផ្កាយរណប Starlink នៅវៀតណាម រយៈពេល៥ឆ្នាំ ដើម្បីសាកល្បងគម្រោងអ៊ីនធើរណេត ព្រមទាំងលើកលែងច្បាប់រារាំងជនបរទេសកាន់កាប់អាជីវកម្មផ្តាច់មុខនៅវៀតណាមផងដែរ ។ ក្រុមហ៊ុន SpaceX មានគម្រោងវិនិយោគនៅវៀតណាម ស្មើទឹកប្រាក់១ពាន់៥រយលានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះក៏មានគម្រោងផ្លាស់ប្តូរទីតាំងប្រតិបត្តិការផ្នែកខ្លះរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ៕










