ប្រទេសមីយ៉ាន់ម៉ា ៖ ពលរដ្ឋមីយ៉ាន់ម៉ាបានស្លា.ប់ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកើនឡើងរហូតដល់ចំនួន៣,០៨៥នាក់ និងរងរបួស ៤,៧១៥នាក់ ខណៈពលរដ្ឋ ៣៤១នាក់ បាត់ខ្លួននៅក្រោមអគារបាក់បែក ។ ក្រោយរញ្ជួយដីកើតឡើង ពលរដ្ឋមីយ៉ាន់ម៉ាពុំហ៊ានត្រឡប់ទៅផ្ទះវិញទេ ពួកគេបោះតង់សម្រាកនៅតាមទីធ្លា និងចិញ្ចើមផ្លូវ ស្របពេលអាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។ ការរស់នៅបែបនេះធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) បារម្ភពីជំងឺផ្សេងៗឆ្លងរាតត្បាតខ្លាំង ស្របពេលមន្ទីរពេទ្យជាច្រើនខូចខាតដោយសាររញ្ជួយដី ។.jpg)
អង្គការសុខភាពពិភពលោក បានដាស់តឿនកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ថា អាកាសធាតុក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង អាចធ្វើឱ្យជំងឺផ្សេងៗឆ្លងរាតត្បាតមកលើពលរដ្ឋមីយ៉ាន់ម៉ា ដែលនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដី កម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ តាំងពីកើតរញ្ជួយដីខ្លាំងក្លា រហូតមកដល់ថ្ងៃទី៣ ខែមេសា ពលរដ្ឋមីយ៉ាន់ម៉ាបានបោះតង់ស្នាក់នៅតាមទីធ្លា ហើយពួកគេប្រឈមនឹងការឆ្លងជំងឺរាតត្បាតខ្លាំង ។.jpg)
គ្រោះរញ្ជួយដីលើកនេះបានបង្កការខូចខាតធ្ងន់ធ្ងរនៅទូទាំងប្រទេសមីយ៉ាន់ម៉ា គឺអគារ មន្ទីរពេទ្យ និងលំនៅឋាន ត្រូវបានបំផ្លាញអស់ជាច្រើន ។ នៅតំបន់ខ្លះទៀតរងផលប៉ះពាល់ដោយសាររញ្ជួយដីខ្លាំងបណ្តាលឱ្យពលរដ្ឋគ្មានកន្លែងរស់នៅ ខ្វះខាតស្បៀងអាហារ និងទឹកប្រើប្រាស់ ។ កាលពីថ្ងៃទី៣ ខែមេសា រដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យដឹងថា ពលរដ្ឋស្លាប់ដោយសាររញ្ជួយដី បានកើនឡើងរហូតដល់ចំនួន៣,០៨៥នាក់, រងរបួស ៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។
.jpg)
មន្ត្រីអង្គការសុខភាពពិភពលោក បារម្ភពីពលរដ្ឋមីយ៉ាន់ម៉ាកើតជំងឺអាសន្នរោគ ជំងឺស្បែក គ្រុនចាញ់ និងគ្រុនឈាម ដែលឆ្លងរាតត្បាតខ្លាំងនៅតាមទីប្រជុំជនរងផលប៉ះពាល់ដោយសាររញ្ជួយដីខ្លាំងបំផុត ដូចជា ៖ ទីក្រុងម៉ាន់ដាឡៃ, ទីក្រុងសាកាយ និងទីក្រុងណៃពិដោ ។ អង្គការសុខភាពពិភពលោកបានត្រៀមស្បៀងអាហារ និងតង់សម្រាក ស្មើទឹកប្រាក់១លានដុល្លារ សម្រាប់បញ្ជូនមកមីយ៉ាន់ម៉ា ។
កត្តាមួយធ្វើឱ្យកើតជំងឺឆ្លងរាតត្បាតខ្លាំង គឺបណ្តាលមកពីមន្ទីរពេទ្យផ្សេងៗក្នុងតំបន់រញ្ជួយដី បានរងការខូចខាតអស់ជាងពាក់កណ្តាល ។ ជាក់ស្តែង មន្ទីរពេទ្យជាច្រើននៅទីក្រុងម៉ាន់ដាឡៃ និងទីក្រុងណៃពិដោ ត្រូវបានបំផ្លាញ រហូតដល់គ្រូពេទ្យព្យាបាលអ្នករងរបួសនៅក្រៅមន្ទីរពេទ្យ ។ ក្រៅពីនេះ ពលរដ្ឋមីយ៉ាន់ម៉ាបានបោះតង់ស្នាក់នៅតាមទីធ្លានានា ដែលមានអាកាសធាតុក្តៅខ្លាំងរហូតដល់៣៨អង្សាសេ ដោយសារពួកគេបារម្ភពី Aftershocks ពុំហ៊ានត្រឡប់ទៅផ្ទះវិញទេ ។.jpg)
មីយ៉ាន់ម៉ាបានកើតវិបត្តិរយៈពេលវែងអាចធ្វើឱ្យមានជំងឺឆ្លងរាតត្បាតជាច្រើន ដូចជា ៖ ជំងឺស្បែក, គ្រុនចាញ់ និងគ្រុនឈាម ប៉ុន្តែជំងឺគួរឱ្យបារម្ភបំផុត គឺអាសន្នរោគ ព្រោះជំងឺនេះធ្លាប់ឆ្លងរាតត្បាតនៅទីក្រុងម៉ាន់ដាឡៃ កាលពីឆ្នាំ២០២៤ ។ អ្វីកាន់តែធ្ងន់ធ្ងរជាងនេះ គឺភ្នាក់ងារឧតុនិយមប្រកាសថា នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា ដែលបណ្តាលឱ្យអ្នករស់នៅទីសាធារណៈប្រឈមនឹងការឆ្លងមេរោគពីទឹក ។ នេះបើតាមមន្ត្រីអង្គការសុខភាពពិភពលោក នៅមីយ៉ាន់ម៉ា ៕










