ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ចេញបទពេញ ហើយនៅពេលបទចម្រៀងរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា ទម្លាក់ពេញកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹង MV ដែលផ្តិតយកទេសភាពនៅប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ ការគ្រងសំលៀកបំពាក់ប្រពៃណីខ្មែររបស់ ព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលទៅខម្មិនយ៉ាងច្រើននៅលើគណនីទិកតុករបស់ព្រះនាងថាជាសំលៀកបំពាក់ថៃទៅវិញ។
«សូរិយា (អេតាស៊ីវិល)» បានទម្លាក់នៅថ្ងៃទី២៩ មីនា មានការពោលពីអ្នកនាង ខាត់ សុឃីម និងការបកស្រាយចម្រៀងពី All3rgy – អលជ្ជី និង ព្រះនាង ជេនណា ជាមួយនឹងការថតបែបសម័យលាយបុរាណ។ MV មួយនេះត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំងពីព្រោះបានផ្តិតយកទិដ្ឋភាពត្រជាក់ភ្នែកដ៏ស្រស់ត្រកាលនៅលើទឹកដីប្រាសាទសៀមរាប។ ចម្រៀងមួយបទនេះបានលាយបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ខ្មែរនិងវប្បធម៌ខ្មែរផងដែរ។ បទចម្រៀងការសហការរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា គឺសម្រាប់សេចក្តីស្នេហារបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និងគូដណ្តឹងទ្រង់គឺលោក អ៊ឹង ស៊ីវឈន់។

ស្របពេល MV បទចម្រៀងស្នេហាផ្អែមល្ហែមខាងលើនេះអមមកជាមួយនឹងវប្បធម៌ខ្មែរស្រាប់តែអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលទៅខម្មិនលើគណនីទិកតុកផ្លូវការរបស់ព្រះនាង ជេនណា ថាសំលៀកបំពាក់របស់ទ្រង់គ្រងនោះគឺជាសំលៀកបំពាក់ប្រពៃណីថៃ។ ជាមួយគ្នានេះដែរផេក បុរាណាចារ្យ បានចោទសួរថាតើគួរធ្វើបែបណាដើម្បីកុំឱ្យមានការយល់ច្រឡំរវាងជាតិសាសន៍ទាំងពីរទៅលើរឿងវប្បធម៌។
ផេកខាងលើនេះបានបង្ហោះថា «សំណួរតើយើងមានវិធីបែបណាដើម្បីបញ្ឈប់ការយល់ច្រឡំរវាងជាងសាសន៍ទាំង២ ។ នេះជាករណី១ ក្នុងចំណោមករណីជាច្រើនដែលអ្នកសិល្បៈខ្មែរ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីស្បៃខ្មែរ ត្រូវបានមហាជនថៃ សម្រុកខំមិន Claim ។ ព្រះនាងតូច នរោត្តម ជេនណា ជាបុគ្គលដែលរងគ្រោះ ការប្រមាថមើលងាយច្រើនជាងគេ ក្នុងចំណោមនោះព្រោះប្រើប្រាស់សម្លៀកបំពាក់បុរាណខ្មែរ ទៅឆាកអន្តរជាតិធំៗច្រើន។ តើលោកអ្នកមាន វិធីសាស្ត្របែបណា ដើម្បីសម្រួលបញ្ហាទាំងនេះ រវាងប្រទេសទាំង២។ ប្រទេសទាំងពីរគួរសហការគ្នារៀបចាំ ការបកស្រាយជារួមឱ្យបានត្រឹមត្រូវចំពោះរឿងនេះ»។
បញ្ហារឿងប្រពៃណីវប្បធម៌ខ្មែរនិងថៃ តែងតែមានបញ្ហានៅលើបណ្តាញសង្គមហើយប្រជាជនទាំងពីរប្រទេសតែងតែមានសម្តីទាស់ទែងគ្នាជាញឹកញាប់ទៅលើបញ្ហានេះតាំងពីយូរយាណាស់មកហើយ៕










