បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងព្យាយាមបង្កើតឧបករណ៍ជាច្រើនដែលអាចជូនដំណឹងដល់មនុស្សមុនពេលមានគ្រោះធម្មជាតិកើតឡើង ដើម្បីអោយមនុស្សអាចរកដំណោះស្រាយក្នុងការទប់ស្កាត់ រឺការពារខ្លួនបានទាន់ពេលវេលា។ 
ទន្ទឹមនឹងនេះផងដែរ នៅមុនពេលមានគ្រោះមហន្តរាយម្ដងៗធម្មជាតិក៏អាចបញ្ជូនសញ្ញាអោយមនុស្សបានដឹងមុនផងដែរ គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍លើវាប៉ុណ្ណោះ។ ដូច្នេះមកដឹងពីសញ្ញា ដែលធម្មជាតិចង់បង្ហាញថាវាអាចនឹងមានគ្រោះធម្មជាតិកើតឡើងដូចខាងក្រោម៖
១. អក្ការៈរបស់សត្វខុសប្រក្រតី៖ បើអ្នកសង្កេតឃើញសត្វធ្វើផ្លាស់ទីដោយរត់ រឺហោះហើរជាហ្វូងធំៗ រឺសត្វមានភាពជ្រួលច្រប់ថប់បារម្ភ នេះអាចបណ្ដាលមកពីពួកវាមានញ្ញាណម្យ៉ាងដែលអាចចាប់បានសញ្ញានៃគ្រោះធម្មជាតិណាមួយ ដែលរៀបនឹងកើតឡើងហើយ ដូចនេះមនុស្សគួរមានការប្រុង..ប្រយ័ត្ន។
២. ប្រទះឃើញសត្វសមុទ្រដែលរស់នៅទឹកជ្រៅ៖ ប្រសិនបើអ្នកប្រទះឃើញសត្វសមុទ្រមួយចំនួនដែលរស់នៅតែក្នុងទឹកជ្រៅ អណ្ដែត រឺទើរនៅលើឆ្នេរសមុទ្រ នេះអាចជាសញ្ញានៃភាពមិនប្រក្រតីដែលកើតមាននៅក្រោមទឹកដែលវារស់នៅហើយ។ សត្វត្រីដូចជា Oarfish Anglerfish រឺ សត្វផ្សេងទៀត ដែលរស់នៅតែក្រោមទឹកដ៏ជ្រៅ បែរជាខំហែលឡើងមកខាងលើ បានន័យថាមជ្ឍដ្ឋានដែលវារស់នៅមានការប្រែប្រួល ហើយវាមានភាគរយច្រើនក្នុងការកើតមាននូវការរញ្ជួយដី ។
៣. ស្ថានភាពទឹកសមុទ្រ៖ បើសុខៗស្រាប់តែឃើញទឹកសមុទ្រស្រកចុះខ្លាំងពីច្រាំង នោះអ្នកគួរធ្វើដំណើរចាកឆ្ងាយពីទីនោះអោយបានកាន់តែឆាប់ កាន់តែល្អព្រោះវាជាសញ្ញាមុនពេលមហាសមុទ្របញ្ជូនរលកយក្សស៊ូណាមីមកកាន់ផ្ទៃគោកហើយ។
៤. ការព្រឺរោម រឺបះសក់ខណៈមេឃកំពុងងឹត៖ ប្រសិនបើនៅទីវាលកំឡុងពេលមេឃងងឹតមានពពកខ្មៅ ហើយអ្នកចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រណុក ហើយសក់ក្បាលរបស់អ្នកបះឡើងត្រង់ទៅលើ អ្នកគួរប្រញាប់រត់ចូលកន្លែងសុវត្ថិភាពដូចជា៖ ក្នុងផ្ទះ រឺអគ្គារ, ក្នុងរថយន្ត និងជៀសឆ្ងាយពីដើមឈើ, តំបន់មានទឹក, ទីតាំងដែលមានលោហៈធាតុ និងចរន្តអគ្គិសនីជាដាច់ខាត ព្រោះនេះជាសញ្ញានៃរន្ទះបាញ់ដែលអាចនឹងកើតមានក្បែរៗអ្នក។
ទាំងនេះ មិនមែនគ្រាន់តែជាការលើកឡើងរបស់មនុស្សពីមាត់មួយទៅមាត់មួយនោះទេ ប៉ុន្តែវាគឺជាការពិត ដោយសូម្បីតែអ្នកវិទ្យាសាស្រ្តក៏យល់ស្របនឹងការយល់ឃើញនេះដែរ ព្រោះវាមានហេតុផលសមស្របពិតប្រាកដមែន។










