នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា សហការជាមួយ UN Women ផ្សារមូលបត្រកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំកម្មវិធី “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច” ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរកសមភាពយេនឌ័រ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្ដីទី នៃធនាគារ អេស៊ីលីដា ភីអិលស៊ី លោក Bae Heungsoo នាយកប្រតិបត្តិ នៃផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹងនាំស្ថាប័ន ក្រុមការងារ ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់។
ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពិភពលោកដោយផ្សារហ៊ុនអន្តរជាតិ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរក សមភាពយេនឌ័រ។
បើតាមប្រសាសន៍លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងថា៖ ការបន្លឺសម្លេងនេះ គ្រាន់តែជាការតាំងចិត្ដថា រួមគ្នាដើម្បីឱ្យសមភាពយេនឌ័រ កាន់តែមានភាពរឹងមាំ កាន់តែសើរឡើងនៅក្នុងប្រទេសកម្ពុជា ហើយវិស័យមូលបត្រ គឺជាវិស័យមួយ ទោះបីយើងចាប់ផ្ដើមបន្ដិចម្ដងៗ មានន័យថា យើងដើរមិនចេញពីគោលនយោបាយលើការលើកកម្ពស់សមភាពយេនឌ័រនោះទេ”។
គួរបញ្ជាក់ថា ធនាគារអេស៊ីលីដា មានចំនួនបុគ្គលិកសរុបទាំងអស់ចំនួនជិត ១ម៉ឺន ២ពាន់នាក់ ដោយស្រ្តីមានចំណែកស្មើនឹង ៣៩% (ក្នុងនោះមានស្ត្រី ៤ រូប និងបុរស ៤រូប ជាគណៈគ្រប់គ្រងជាន់ខ្ពស់) ព្រមទាំងមានចំនួនបុគ្គលិក ដែលជាស្ថិតក្នុងលំដាប់គណៈគ្រប់គ្រងសរុបទាំងអស់ចំនួនជាង ២ពាន់នាក់ ក្នុងនោះស្រ្តីមានចំនួនជិត ៧០០នាក់ ស្មើនឹង ៣២%។ បន្ថែមពីនេះ ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកសាធារណៈសរុបចំនួនជិត ២ម៉ឺននាក់ ក្នុងនោះមានស្រ្តី ៨ពាន់នាក់ ស្មើនឹង ៤០%៕










