ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក បានជូនដំណឹងល្អទៅកាន់ពលរដ្ឋ ស្តីពីគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពលបានរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋលើការទិញហ្គាសចម្អិនអាហារ ។ ក្រៅពីនេះ គណៈកម្មការក៏បានពិភាក្សាពីការបញ្ចុះតម្លៃអគ្គិសនីផងដែរ តាមគោលនយោបាយរបស់រដ្ឋាភិបាល ។
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ភីរ៉ាផាន់ សាលីរ៉ាត់វិផាក រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ដើម្បីកំណត់តម្លៃហ្គាស (LPG) ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោកនិយាយថា កិច្ចប្រជុំបានសម្រេចរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺតម្លៃលក់រាយហ្គាស LPG ស្មើនឹង៤២៣បាតក្នុង១ធុង (សម្រាប់ធុងទម្ងន់១៥គីឡូក្រាម) ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ។
លោក ភីរ៉ាផាន់ បន្តថា កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ក៏បានពិចារណាពីការបញ្ចុះតម្លៃអគ្គិសនីផងដែរពីការចំណាយតាមគោលនយោបាយរបស់រដ្ឋាភិបាល (Policy Expense) ដោយគណៈកម្មការគ្រប់គ្រងថាមពលបានស្នើឱ្យពិនិត្យ និងកែលម្អលក្ខខណ្ឌសម្រាប់ការទិញអគ្គិសនីពីថាមពលកកើតឡើងវិញទាំងប្រភេទ Adder និង Feed-in Tariff ទើបអាចបញ្ចុះតម្លៃអគ្គិសនីបាន ។

កិច្ចប្រជុំបានសម្រេចអនុម័តលើការស្នើរបស់គណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពល ស្តីពីការតែងតាំងអនុគណៈកម្មការ ដើម្បីពិចារណាលើការទទួលទិញអគ្គិសនីពីថាមពលកកើតឡើងវិញប្រភេទ Non-Firm ដើម្បីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋដោយសារតម្លៃអគ្គិសនី ។ រីឯការរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺដើម្បីកុំឱ្យពលរដ្ឋចំណាយថវិកាកាន់តែច្រើនលើការទិញទំនិញប្រចាំថ្ងៃ ។ នេះជាការបញ្ចុះតម្លៃថាមពលតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយយើងអាចរក្សាតម្លៃហ្គាសសមរម្យសម្រាប់ពលរដ្ឋជាបន្តបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពល ។
គួរបញ្ជាក់ថា កន្លងមក ប្រទេសថៃបានរក្សាតម្លៃហ្គាសកុំឱ្យឡើងថ្លៃ និងផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ហើយការរក្សាតម្លៃហ្គាសលើកនេះ គឺជាការបន្តសុពលភាពការរក្សាតម្លៃហ្គាសនាពេលកន្លងមក ។ គណៈកម្មការគ្រប់គ្រងគោលនយោបាយថាមពលបញ្ជាក់ថា សូមឱ្យពលរដ្ឋមានទំនុកចិត្ត ពីព្រោះគណៈកម្មការនឹងរក្សាតម្លៃហ្គាសឱ្យបានសមរម្យជានិច្ច ដោយគណៈកម្មការធ្វើការផ្តោតលើគោលការណ៍ «បើកចំហ តម្លាភាព និងត្រួតពិនិត្យការងារ» ដើម្បីផលប្រយោជន៍ពលរដ្ឋ ៕.jpg)










