បបួលគ្នាកក់កន្លែងគេង អោយហើយទៅ ខេត្តទាំង៤នេះរៀបចំជិតរួចរាល់ហើយ សម្រាប់ទទួលស្វាគមន៍ ភ្ញៀវទេសចរអោយចូលមកលេងកម្សាន្ត ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
.png)
នៅសល់ជាងកន្លះខែទៀត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានចូលមកដល់ ដូចនេះគេសង្កេតឃើញថាខេត្តតាមបណ្ដារខេត្ត-ក្រុងនានា ចាប់ផ្ដើមរៀបចំតុបតែងរៀងៗខ្លួន ត្រៀមសម្រាប់ទទួលភ្ញៀវទេសចរជិត-ឆ្ងាយ អោយមកកម្សាន្តសប្បាយ។ 
ដោយឡែក គេសង្កេតឃើញខេត្តទាំង៤នេះ ដែលហាក់មានភាពលេចធ្លោក្នុងការរៀបចំ ដោយគ្រាន់តែរូបភាពនៃការរៀបចំតម្លើងគ្រឿងតុបតែងមិនទាន់រួចរាល់ជាស្ថាពរផងនោះ ធ្វើអោយមនុស្សម្នាររំភើបចិត្ត ទន្ទឹងអោយតែដល់ថ្ងៃឆាប់ៗបាត់ទៅហើយ។ ដូច្នេះពេលនេះមកទស្សនាសម្រស់របស់ខេត្តទាំង៤ ដែលមានការរៀបចំទទួលសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធឹកអធមដូចតទៅ៖
១. ខេត្តសៀមរាប៖ មិនខុសពីឆ្នាំមុនៗនោះទេ ខេត្តសៀមរាបតែងតែជាទិសដៅមកកម្សាន្តមិនថាក្នុងបុណ្យទានអ្វីនោះទេ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត រំពឹងថានឹងមានមនុស្សមកចូលរួមច្រើន ដែលមានទាំងខ្មែរ និងជនបរទេស។ ក្នុងនោះគេសង្កេតឃើញមាន ការរៀបចំតុបតែងជាច្រើនទីតាំង កម្មវិធីកម្សាន្តជាច្រើន ជាពិសេសគឺការបង្ហាញពីវប្បធម៌ អរិយធម៌ និងប្រពៃណី តាមរយៈការតាំងបង្ហាញស្នាដៃ និងសិល្បៈផ្សេងៗនៅទឹកដីអង្គរនេះ។
២. ខេត្តកំពង់ធំ៖ ស្ងាត់ៗមិនសូវមាត់ ឆ្នាំនេះខេត្តកំពង់ធំបានរៀបចំសម្រាប់សង្រ្កាន្តឆ្នាំថ្មីយ៉ាងធំដុំជាងឆ្នាំមុនៗ។ សម្រស់ទីរួមខេត្តចាប់ពីគល់ស្ពានស្ទឹងសែន រហូតដល់ចំណុចអ្នកតាក្រហមក ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់គ្រឿងលម្អរចម្រុះពណ៌ ទាក់ទាញភ្នែកឃើញហើយ គួរអោយចង់ទៅទស្សនាផ្ទាល់។ ក្រៅពីនេះ ក៏មានរៀបចំជាតំបន់ត្រជាក់ ដោយដាក់ពាងទឹកជាច្រើន នៅតាមបណ្ដោយផ្លូវមុខសាលាខេត្ត ទុកសម្រាប់បងប្អូនលេងជះទឹកកម្សាន្តផងដែរ។
៣. ខេត្តកំពង់ចាម៖ មិនអោយចាញ់ខេត្តទាំង២ខាងលើនោះទេ ឆ្នាំនេះកំពង់ចាមត្រៀមពាងទឹកចំនួន ២០០ពាង រៀបចំដាក់តម្រៀបតាមដងផ្លូវ ព្រមទាំងមានពណ៌ចម្រុះ ឃើញហើយទប់ចិត្តមិនចង់បាន។ លើសពីនេះនៅតាមបណ្ដោយផ្លូវមុខសាលាបណ្ដោយផ្លូវមុខសាលាខេត្តកំពង់ចាម ក៏មានរៀបចំតម្លើងគោមផ្សេងៗ ដែលមានភាពស្រស់ស្អាតទាំងពេលថ្ងៃ និងពេលរាត្រី។

៤. ខេត្តបាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំការតម្លើងភ្លើងពណ៌ នៅតាមផ្លូវយ៉ាងស្រស់ស្អាត ជាពិសេសគឺចាប់ពីស្ពាន៧មករា រហូតដល់សួនច្បារសម្ដេចក្រឡាហោម ស ខេង ដែលធ្វើអោយបរិយាកាសនៅពេលរាត្រីក្នុងក្រុងនេះ មានភាពទាក់ទាញមួយកម្រិតទៀត។ សង្រ្កាន្តបាត់ដំបង នឹងមានការតាំងពិពណ៌ទូទៅ ការដាក់បង្ហាញស្នាដៃសិល្បៈធំៗ រួមជាមួយកម្មវិធីកម្សាន្តជាច្រើនទៀត។

អាស្រ័យហេតុ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ នឹងអញ្ជើញមកចូលរួមកម្សាន្តនៅក្នុងស្រុក អោយបានច្រើនកុះករក្នុងឳកាសបុណ្យចូលឆ្នាំថ្មី នាខែមេសាដែលនឹងមកដល់ឆាប់ៗនេះ៕










