ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មាន Tirana Post បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុនគ្រោងបង្កើតឧបករណ៍មួយដោយប្រើបច្ចេកវិទ្យា MRI និង AI អាចមានសមត្ថភាពកត់ត្រាក្តីសុបិន្តរបស់អ្នក ហើយបង្ហាញវាឡើងវិញជាទម្រង់វីដេអូនៅពេលដែលអ្នកភ្ញាក់។
យោងតាមលោកវេជ្ជបណ្ឌិត Yukiyasu Kamitani អ្នកវិទ្យាសាស្ត្រផ្នែកប្រសាទមកពីសាកលវិទ្យាល័យ Kyoto និងក្រុមរបស់លោកបានបង្កើតម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា MRI ដើម្បីវិភាគសកម្មភាពខួរក្បាល ដែលអមជាមួយស្ថានភាពសុបិន រួមទាំងរៀបចំសកម្មភាពទាំងនោះជាលំដាប់លំដោយដូចសាច់រឿង ហើយយកទៅចាក់បញ្ចាំងដូចភាពយន្ត។
តាមរយៈការឌិកូដ លំនាំសរសៃប្រសាទ ឧបករណ៍ទំនើបនេះ អាចបង្កើតរូបភាពតំណាង ដែលមើលឃើញរឿងរ៉ាវកើតឡើងនៅក្នុងសុបិនរបស់មនុស្សម្នាក់ៗ។ ដូច្នេះបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមប្រែក្លាយសុបិនរបស់អ្នកឱ្យក្លាយជាការពិត។ ទោះជាយ៉ាងណាឧបករណ៍នេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនោះទេ។.png)
គួរបញ្ជាក់ដែរថា ការផលិតឧបករណ៍នេះមានគោលបំណងផ្លាស់ប្តូរការយល់ដឹងរបស់យើងអំពីសុបិន មនសិការ និងដំណើរការដ៏ស្មុគស្មាញនៃចិត្តរបស់មនុស្ស។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏អាចធ្វើឱ្យប្រសើរឡើងនូវការចងចាំក្នុងពេលគេង និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។ ជាងនេះទៅទៀត បច្ចេកវិទ្យាក៏កត់ត្រាក្តីស្រមៃរបស់អ្នក ដើម្បីទទួលបានសក្ដានុពលដ៏ធំមួយ សម្រាប់ការបង្កើនភាពច្នៃប្រឌិតផងដែរ៕










