ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ កងទ័ពហ្វីលីពីន និងអាមេរិក សរុបជាង៥,០០០នាក់ បានចាប់ផ្តើមធ្វើសមយុទ្ធមួយឈ្មោះ «Salaknib» នៅបន្ទាយកងទ័ព «Fort Magsaysay» ក្នុងខេត្ត Nueva Ecija ប្រទេសហ្វីលីពីន ដែលការធ្វើសមយុទ្ធនេះនឹងចំណាយពេលរហូតដល់៣សប្តាហ៍ ។ វាជាការធ្វើសមយុទ្ធកងទ័ពទ្រង់ទ្រាយដំណាក់កាលទី១ ហើយប្រទេសទាំងពីរនឹងធ្វើសមយុទ្ធកងទ័ពដំណាក់កាលទី២ នៅចុងឆ្នាំ២០២៥ ស្របពេលហ្វីលីពីនមានជម្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ។
នៅសប្តាហ៍ទី៤ ខែមីនា នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងជួបមេបញ្ជាការកងទ័ពហ្វីលីពីន ក្នុងគោលបំណងតាមដានលទ្ធផលការធ្វើសមយុទ្ធកងទ័ពរវាងប្រទេសទាំងពីរដែលទើបចាប់ផ្តើម ។ វាជាការធ្វើដំណើរទៅប្រទេសហ្វីលីពីនជាលើកដំបូងរបស់លោក Hegseth តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump តែងតាំងលោកជារដ្ឋមន្ត្រីការពារជាតិ ។.png)
ការធ្វើសមយុទ្ធកងទ័ពឈ្មោះ «Salaknib» ជាច្រើនសប្តាហ៍នេះ គឺផ្តោតលើការការពារទឹកដី និងការចល័តកងកម្លាំងទ័ព ហើយនេះជាការធ្វើសមយុទ្ធដំណាក់កាលទី១ ហើយកងទ័ពប្រទេសទាំងពីរនឹងធ្វើសមយុទ្ធដំណាក់កាលទី២ នៅចុងឆ្នាំ២០២៥ ។ វាជាការធ្វើសមយុទ្ធកប្រចាំឆ្នាំរវាងហ្វីលីពីន និងអាមេរិក ដែលកងទ័ពប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នា តាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ នេះបើតាមការលើកឡើងរបស់កងទ័ពហ្វីលីពីន ។

ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការរួមគ្នាលើគ្រប់វិស័យ, បង្កើនសមត្ថភាពការធ្វើសង្គ្រាម និងបង្ហាញពីការប្តេជ្ញាចិត្តទ្វេភាគីយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីរបស់ប្រទេសហ្វីលីពីន ។

គួរបញ្ជាក់ថា ហ្វីលីពីន និងអាមេរិកមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើង តាំងពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ឡើងកាន់តំណែងកាលពីឆ្នាំ២០២២ ហើយលោកចាប់ផ្តើមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអះអាងថា ចិនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។ លោកបានកំណត់គោលនយោបាយការបរទេសឱ្យហ្វីលីពីនបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ស្របពេលហ្វីលីពីនកំពុងមានជម្លោះជាមួយចិនរឿងសមុទ្រចិនខាងត្បូង ៕










