យោងតាមអ្នកឯកទេសអាហារូបត្ថម្ភមកពីទីក្រុង Los Angeles សហរដ្ឋអាមេរិក គឺលោក Patricia Bannan បាននិយាយថា ទាំងសាច់ជ្រូក និងសាច់គោគឺសុទ្ធតែជាប្រភពប្រូតេអ៊ីនពេញលេញ ប៉ុន្តែទោះជាយ៉ាងណាសត្វទាំងពីរប្រភេទនេះ គឺមានតម្លៃអាហារូបត្ថម្ភខុសគ្នា។ លើសពីនេះវិធីធ្វើម្ហូបក៏អាចបង្កើន ឬបន្ថយតម្លៃអាហារូបត្ថម្ភរបស់សាច់ផងដែរ។

ដូច្នេះរវាងសាច់ជ្រូក និងសាច់គោ តើមួយណាល្អសម្រាប់សុខភាពជាង? សម្រាប់ចម្លើយនោះគឺល្អដូចគ្នា ប៉ុន្តែអ្នកជំនាញណែនាំឱ្យជ្រើសរើសសាច់ជ្រូកច្រើនជាងសាច់គោ ដោយសារសាច់ជ្រូកជាប្រភពដ៏ល្អនៃប្រូតេអ៊ីន វីតាមីន B12 និងជាតិដែក ក៏ដូចជាសារធាតុរ៉ែសំខាន់ៗជាដើម។ វីតាមីន B12 របស់សាច់ជ្រូកជួយរក្សាសុខភាពកោសិកាឈាម និងកោសិកាសរសៃប្រសាទ។
.png)
រីឯជាតិដែកគឺចាំបាច់សម្រាប់បង្កើតកោសិកាឈាមក្រហមដែលមានសុខភាពល្អ និងដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ការញ៊ាំសាច់ជ្រូកជាជម្រើសដ៏ល្អសម្រាប់ការសម្រកទម្ងន់ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ លើសពីនេះឆ្អឹងជំនីជ្រូក ក៏ជាជម្រើសដ៏ល្អផងដែរ។ 
ចំណែកសាច់គោវិញមានជាតិដែក វីតាមីន B12 និងខ្លាញ់ច្រើនជាងសាច់ជ្រូក ដែលវាមិនល្អសម្រាប់អ្នកសម្រកទម្ងន់នោះទេ។ សរុបមកវិញ រវាងសាច់ជ្រូក និងសាច់គោ ល្អមិនល្អគឺអាស្រ័យទៅលើរបៀបដែលវាត្រូវបានចម្អិន។ វិធីល្អបំផុតគឺដុត ចំហុយ ស្ងោ ឬចៀនដោយប្រើប្រេងតិចបំផុត។ លើសពីនេះអ្នកជំនាញក៏បានណែនាំឱ្យញ៊ាំសាច់ជាមួយបន្លែស្លឹកបៃតង ឬបន្លែដែលមានជាតិសរសៃខ្ពស់ និងគ្រាប់ធញ្ញជាតិជាដើម ដើម្បីធ្វើឱ្យវាក្លាយជាអាហារដែលមានសុខភាពល្អ៕









