ល្បែងប្រជាប្រិយខ្មែរ គឺមានច្រើនអនេក តាមពិតយើងចង់លេងនៅពេលណាក៏បានដែរ ប៉ុន្តែជាទូទៅគេជ្រើសរើសលេងនៅរដូវដែលមានបុណ្យទាន ជាពិសេសរដូវកាលបុណ្យចូលឆ្នាំថ្នីប្រពៃណីខ្មែរ ព្រោះនឹងមានមនុស្សច្រើនចូលរួមលេង ហើយនិងកាន់តែមានភាពអ៊ូអរ។ ដោយឡែកកូនខ្មែរភាគច្រើនច្បាស់ជាធ្លាប់បានលេងល្បែងទាំងនោះពីមុនមកហើយ វាមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយមកអោយអ្នកលេងប៉ុណ្ណោះទេ ប៉ុន្តែល្បែងទាំងនោះក៏មានបង្កប់នូវអត្ថ័យអប់រំផងដែរ។ 
ដូច្នេះហើយថ្ងៃនេះ យើងនឹងលើកយកល្បែងប្រជាប្រិយចំនួន៥ និងអត្ថន័យដែលដូនតា រឺអ្នកបង្កើតល្បែងនេះចង់បង្ហាញទៅកាន់អ្នកលេង ដោយដកស្រង់សង្ខេបចេញពីសៀវភៅ “ល្បែងប្រជាប្រិយខ្មែរ”។
១. ល្បែងលាក់កន្សែង៖ ល្បែងនេះមានភាពងាយយល់ក្នុងការលេងណាស់ ចំពោះអត្ថន័យវិញ ល្បែងប្រជាប្រិយមួយនេះ គឺបង្រៀនយើងឲ្យមានស្មារតីរឹងប៉ឹង អោយមានទម្លាប់ប្រុងស្មារតីជានិច្ច ពិសេសអោយមានភាពរហ័សរហួន តាមទាន់ស្ថានការណ៍ជានិច្ច បើមិនដូចនោះទេ អ្នកនឹងត្រូវរត់ដេញចាប់គេឥតបានសម្រាកឡើយ។
២. ល្បែងចាប់កូនខ្លែង ៖ អត្ថន័យនៃការលេងចាប់កូនខ្លែងនេះ សម្រាប់អ្នកធ្វើជាកូនខ្លែង គឺគេបង្រៀនអោយយើងចេះ ត្រិះរិះអោយបានល្អិតល្អន់ ថាគួររើសបុគ្គលណាមកធ្វើជា “មេ” ដើម្បីអាចការពារយើងបាន។ ចំណែកអ្នកដែលដើរតួ “មេ” គេបង្រៀនអោយមនុស្សនោះ ចេះប្រុងប្រយ័ត្នក្នុងការ មានភាពឈ្លាសវៃ ចេះការពារខ្លួនផង និងក្រុមគ្រួសារផង។
៣. ល្បែងបោះអង្គញ់៖ អត្ថន័យរបស់វា គឺចង់បង្រៀនមនុស្សឱ្យចេះផ្ចង់សារតី ក្នុងការសម្រេចអ្វីមួយរួមគ្នា ព្រោះការបោះអង្គញ់ គឺជាការប្រកួតរវាងមនុស្ស២ក្រុម។ ដូចនេះអ្នក និងសមាជិកក្រុមរបស់អ្នក ត្រូវព្យាយាមបោះអង្គញ់យ៉ាងណាអោយត្រូវ “កើយ” ដែលគេដាំ តាមការកំណត់ ព្រោះមិនត្រូវទេ នោះទាំងអស់គ្នា នឹងជាំជង្គង់ដោយការជួសពីម្ខាងទៀតមិនខាន។
៤. ស្វាដណ្តើមស្លឹកឈើ៖ បង្រៀនមនុស្សអោយស្វាហាប់ មានភាពវាងវៃ និងកុំភ្លេចខ្លួនអោយសោះ។ ព្រោះការដណ្ដើមស្លឹកឈើពីម្ខាងទៀតបានហើយ មិនប្រាកដថាអ្នកឈ្នះនោះទេ ប្រសិនបើយើងរត់មិនទាន់ដល់ទីទេ ស្រាប់តែភាគីក្រុមទៀតមកប៉ះយើង នោះយើងនឹងត្រូវចាញ់ហើយ។
៥. ល្បែងទាញព្រ័ត្រ៖ ល្បែងនេះមានប្រវត្តិយូរលង់ណាស់ ហើយក៏ជាប់ពាក់ព័ន្ធនឹងប្រវត្តិកូរសមុទ្រទឹកដោះផងដែរ។ ដើម្បីអាចយកឈ្នះដៃគូម្ខាងទៀតបាន ក្រុមរបស់អ្នកត្រូវសហការគ្នាជាធ្លុងមួយ ពង្រឹងជំហរ និងព្យាយាមប្រើកម្លាំងទាញស្របគ្នា។ ក្នុងករណី មានសមាជិកណាម្នាក់រារភ្លាត់ស្នៀត ស្មើនឹងបែកបាក់សាមគ្គី នោះវានឹងបណ្ដាលអោយក្រុមម្ខាងទៀត មានឳកាសអូសក្រុមអ្នកទៅទាំងព្រមហើយ៕










