គ្រាន់តែឃើញរូបភាព3D នៃគំរូរខ្លោងទ្វារអង្គរសង្រ្កាន្ត បានលេចចេញជារូបរាងភ្លាម មហាជនកាន់តែរំភើប និងពោលសរសើមិនដាច់មាត់ ត្បិតវាមានភាពសម្អិតសម្អាងខ្លាំង និងរំលេចឡើងនូវរចនាបថខ្មែរពិតៗ ថែមទាំងនៅពេលដាក់ចំពីមុខនៃច្រកចូលប្រាសាទអង្គរវត្តទៀត កាន់តែធ្វើអោយវាមានភាពលេចធ្លោឡើង ប្រៀបដូចជាផ្លូវចូលនៃឋានសួគ៌អញ្ជឹង។
កាន់តែកៀកថ្ងៃចូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ហើយ ថ្មីៗនេះផេកផ្លូវការនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាន បញ្ចេញនូវរូបភាពចំនួន ៤សន្លឹក បង្ហាញពីគំរូរ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ ដែលត្រូវបានរចនាឡើងតាមរចនាប័ទ្ទបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។
គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ និងមានការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជាច្រើន និងការរៀបចំតុបតែងតាមទីកន្លែងនានានៅក្នុងខេត្តសៀមរាបដូចជា៖ លេងល្បែងប្រជាប្រិយ ទស្សនាការសម្ដែងសិល្បៈបុរាណ ក្បាច់គុណ កម្មវិធីកម្សាន្តលើផ្ទៃទឹកនៅតាមដងស្ទឹងសៀមរាប ។ល។ 
ទាំងនេះសុទ្ធសឹងតែជាអ្វីដែលមហាជនកំពុងទន្ទឹមរង់ចាំ អោយបានមកដល់ក្នុងពេលឆាប់នេះ និងជាពិសេសចង់ឃើញពីរូបរាងពិតប្រាកដនៃ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” នោះ ថាតើនៅពេលដែលសាងសង់រួចជាស្ថាពរវានឹងកាន់តែមានភាពស្រស់ស្អាតកម្រិតណា? ព្រោះគ្រាន់តែរូបភាពគំរូរបានធ្វើអោយចាប់ចិត្តចង់ទៅលេងខេត្តសៀមរាបបាត់ទៅហើយ៕










