ប្រទេសចិន៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata (UK) និងគេហទំព័របរទេស Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅប្រទេសចិន គឺបានកើនឡើងយ៉ាងខ្លាំង ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់សហរដ្ឋអាមេរិក។ ដូច្នេះបច្ចុប្បន្នចំនួនមហាេសដ្ឋីនៅប្រទេសចិន រួមទាំងទីក្រុងហុងកុង និងម៉ាកាវមានរហូតដល់ ៤៥៩ នាក់ ប្រមាណ ២៨% នៃមហាសេដ្ឋីរបស់ពិភពលោក។

នេះបើយោងតាម Altrata បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ដោយមានមហាសេដ្ឋីសរុបចំនួន ៧៣៥ នាក់។ ក្នុងនោះញូវយ៉កគឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេចំនួន ១៤៤ នាក់កើនឡើង ៩ នាក់បើធៀបនឹងឆ្នាំមុន។ រីឯចំនួនមហាសេដ្ឋីរស់នៅក្នុងទីក្រុងហុងកុងវិញគឺមានចំនួន ១០៧ នាក់ធ្លាក់ចុះ ៥ នាក់បើធៀបនឹងឆ្នាំមុន។ 
មូលហេតុដែលចំនួនមហាសេដ្ឋីធ្លាក់ចុះគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាលំបាកៗជាច្រើន ជាពិសេសគឺការដំឡើងពន្ធពីប្រទេសលោកខាងលិចតែម្តង។ ទោះជាយ៉ាងណា ទីក្រុងហុងកុង និងម៉ាកាវ នៅតែជាស្ពានហិរញ្ញវត្ថុដ៏សំខាន់ ដោយភ្ជាប់ប្រទេសចិន និងទីផ្សារអន្តរជាតិ ធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
ហេតុនេះទោះបីជាមហាសេដ្ឋីរបស់ប្រទេសចិនមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប្រទេសនេះនៅតែរក្សាតំណែងលេខពីរ ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកផងដែរ។ ក្រៅពីប្រទេសចិន ឥណ្ឌាក៏ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ មានមហាសេដ្ឋីចំនួន ១៦៦ នាក់៕










