ចាប់តាំងពីរដ្ឋបាលក្រុងភ្នំពេញ បានដាក់ដំណើរការបិទផ្លូវតំបន់មាត់ទន្លេអោយក្លាយជា Walk Street សម្រាប់ដើរកម្សាន្តចុងសប្ដាហ៍មក គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនចូលរួមលេងកម្សាន្តជុំគ្នាសប្បាយ បង្កើតបានជាបរិយាកាសមួយដែលគួរអោយចង់ទៅលេងជាទីបំផុត។
គួររំលឹកថា ផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តនៅចុងសប្ដាហ៍នេះ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង។ Walk Street នេះទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់មហារជន ព្រោះវារំលេចយ៉ាងច្បាស់នូវសម្រស់របស់មាត់ទន្លេដែលស្ថិតនៅចំពីមុខព្រះបរមរាជវាំង អមដោយភ្លើងពណ៌និងការតុបតែងគួរអោយចង់គយគន់ ជាពិសេសនៅពេលរាត្រី។
.png)
សកម្មភាពកម្សាន្តជាច្រើនរួមមានការទស្សនាសិល្បៈសៀករហ័សកម្ម ល្ខោនបាសាក់ សិល្បៈចម្រៀងបុរាណ និងសម័យ ញ៉ាំម្ហូបអាហារដ៏សម្បូរបែប ជិះស៊ីក្លូលេងមើលទេសភាព ព្រមទាំងអាចចូលរួមរាំលេងកម្សាន្តជុំគ្នានៅទីតាំងនោះផងដែរ។ សកម្មភាពលេងសប្បាយទាំងនេះ មិនត្រឹមបានទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែគេក៏ឃើញមានជនបរទេសជាច្រើនបានចូលរួមរាំលេងសប្បាយជាមួយគ្នាទៀតផង។
តាមការបង្ហោះវីដេអូរបស់ជនបរទេសម្នាក់ដែលបានមកលេងកម្សាន្តនៅ Walk Street បានសរសេជាអក្សរក្នុងអត្ថន័យថា “ខ្ញុំរស់នៅជីវិតដែលល្អបំផុត នៅប្រទេសកម្ពុជា” នៅក្នុងវីដេអូនោះផងដែរ បានបង្ហាញពីសកម្មភាពរបស់គាត់ និងមិត្តរបស់គាត់ប៉ុន្មាននាក់ទៀត កំពុងរាំលេងយ៉ាងសប្បាយជាមួយប្រជាពលរដ្ឋខ្មែរជាច្រើន ហើយគាត់បានបន្ថែមទៀតថា បរិយាកាសនេះគួរតែមានរៀងរាល់ថ្ងៃ។
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទីតាំង Walk Street នេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន មិនត្រឹមតែនាំមកនូវសប្បាយរីករាយតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកក្នុងបង្ហាញពីវប្បធម៌ អរិយធម៌ ទៅកាន់អន្តរជាតិ និងជួយជម្រុញដល់សេដ្ឋកិច្ចបងប្អូនជាអ្នកលក់ដូរ និងលោកតាធាក់ស៊ីក្លូផងដែរ៕










