រាជធានីភ្នំពេញ៖ លោកប៊ុន រស្មី រឺ ប៊ុន ផាក ដែលត្រូវបានគេស្គាល់ថា ជាគ្រូលក់សៀវភៅជោគជ័យ បានចេញមុខបកស្រាយអត្ថន័យពាក្យថា “សន្តិភាព” បន្ទាប់ពីឯកឧត្តម ជួន ណារិន្ទ បានអញ្ជើញលោកអោយទៅពន្យល់ពាក្យនេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ។.jpg)
យោងតាមការបង្ហោះសំណេរ របស់លោកប៊ុន ផាក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកបានសរសេដាក់ក្នុងផេករបស់លោកផ្ទាល់ថា ៖ កំចាត់ក្មេងទំនើង និងចោរប្លន់ឳ្យបានទៅ ទើបអាចនិយាយបានថាយើងមានសន្តិភាព។ ការសរសេបង្ហោះបែបនេះ គឺធ្វើឡើងក្រោយហេតុការណ៍ Youtuber ជនជាតិបរទេសដែលមានឈ្មោះថា Christ និងគូដណ្ដឹងរបស់គាត់ ត្រូវបានចោរឆក់កាបូប។

បន្ទាប់ពីការបង្ហោះសំណេរនេះរបស់លោកប៊ុន ផាក ក្រោយមកបានប៉ុន្មានម៉ោង ឯកឧត្តម ជួន ណារិន្ទ បានបង្ហោះសារខ្លីមួយ ដោយសូមអញ្ជើញលោកប៊ុន ផាក មកពន្យល់ពាក្យថា “សន្តិភាព” និងក្រោយមកនៅថ្ងៃទី១៧ ខែមីនា លោកប៊ុន ផាក ក៏ទទួលបានដីកាកោះហៅ “ដើម្បីស្រាយបំភ្លឺការបំភ្លៃព័ត៌មានមិនពិតលើបណ្ដាញទំនាក់ទំនងសង្គម” នៅស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែមីនា ខាងមុខនេះ។

លោកប៊ុន ផាកបានចេញមុខបកស្រាយនៅលើបណ្ដាញសង្គមនៅថ្ងៃទី ១៩ ខែមីនានេះថា៖ នេះជាការយល់ឃើញរបស់លោក ដោយជាក់ស្ដែងឃើញថាប្រទេសយើងមានសន្តិភាពពេញលេញហើយ ប៉ុន្តែបញ្ហាក្មេងទំនើង និងលួច ឆក់ ប្លន់ នៅតែមានបន្តជាហូរហែ។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ យើងចង់រស់ដោយគ្មានការព្រួយបារម្ភ ទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

លើសពីនេះ លោកបានបន្ថែមថា៖ ក្នុងន័យនេះលោកគ្មានចេតនាបំភ្លៃការពិត ដើម្បីវាយប្រហារទៅកាន់ស្ថាប័នសាធារណៈណាមួយឡើយ វាគ្រាន់តែជាគំនិតដែលចង់ឈឺឆ្អើលរឿងអសន្តិសុខសង្គម ក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ។
យោងតាមការបកស្រាយខាងលើនេះ ក៏មានមនុស្សមួយចំនួនយល់ស្របជាមួយលោកប៊ុន ផាកដែរ ដោយពួកគេលើកឡើងថា ការយល់ឃើញរបស់ប៊ុន ផាកគឺមានហេតុមានផលច្បាស់លាស់អាចទទួលយកបាន នេះអាចប្រហែលជាមានការយល់ច្រលំត្រង់ណាមួយហើយ ដូច្នេះសង្ឃឹមថាថ្នាក់ដឹកនាំយោគយល់ និងអធ្យាស្រ័យផង៕










