ក្រុមហ៊ុនSpace X របស់មហាសេដ្ឋី Elon Musk បានបញ្ជូនយាន និងក្រុមការងារដើម្បីទៅសង្រ្គោះអវកាសយានិក២នាក់របស់អង្គការNASAសហរដ្ឋអាមេរិកដែលជាប់គាំងនៅក្នុងលំហរមិនអាចវិលមកផែនដីវិញបានអស់រយៈពេល៩ខែមកហើយ។.png)
បេសកកម្មបញ្ជូនយានទៅសង្គ្រោះមនុស្សក្នុងលំហរ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥ តាមរយៈការបង្ហោះយានអាវកាសមួយដែលមានឈ្មោះថា Crew Dragon ជាមួយនឹងសមាជិកអវកាសនិកចំនួន៤នាក់។ 
សូមជម្រាបថា អវកាសយានិកដែលជាប់គាំងទាំង២នាក់មានឈ្មោះថា Butch Wilmore និង Suni Williams នៃអង្គការ NASA សហរដ្ឋអាមេរិកបានធ្វើដំណើរក្នុងការសាកល្បងហោះហើរយាន Starliner Spacecraft របស់ Boeing ឆ្ពោះទៅកាន់លំហរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបេសកកម្មរបស់ពួកគេមានរយៈពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ក្រោយមកនៅពេលទៅដល់ស្ថានីយលំហរអន្តរជាតិ (International Space Station) ស្រាប់តែកំហុសបច្ចេកទេសក៏កើតមានឡើង ដែលបណ្ដាលអោយយាន Starliner របស់ពួកគេធ្លាយនូវប្រេងឥន្ធនៈ និងមិនអាចវិលត្រឡប់មកភពផែនដីវិញបានឡើយ។
អង្គការNASA និងក្រុមហ៊ុន Boeing បានដឹងពីដំណឹងនេះ ប៉ុន្តែអាចដោះស្រាយបានត្រឹមជាការបញ្ជូនស្បៀង និងឧបករណ៍ប្រើប្រាស់ទៅបន្ថែមប៉ុណ្ណោះ ចំពោះការរំដោះមនុស្សអោយចេញពីយានគឺមិនអាចធ្វើបាននោះទេ។ ដូច្នេះហើយទើបការវិលត្រឡប់មកភពផែនដីវិញរបស់អវកាសយានិកទាំង២ ត្រូវបានពន្យាពេលម្ដងហើយ ម្ដងទៀតអស់រយៈពេល៩ខែ។
ដោយមិនទាន់អាចរកដំណោះស្រាយអោយបានទាន់ពេលវេលា នៅចុងឆ្នាំ២០២៤អង្គការNASAបានស្នើសុំជំនួយពីក្រុមហ៊ុនSpace X តែម្ដង។ មិនអោយខកបំណង Space X បានរៀបចំយាន និងមនុស្សសម្រាប់ការសង្រ្គោះមួយនេះ ហើយកាលបរិច្ឆេទដែលនឹងត្រូវឡើងទៅកាន់លំហរនោះ គឺនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ពីទីតាំងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា នេះគឺជាបេសកកម្មដ៏គ្រោះថ្នាក់មួយដែលត្រូវយកជីវិត ទៅដោះដូរយកជីវិតត្រឡប់មកវិញ ប៉ុន្តែអង្គការNASAមានការជឿទុកចិត្តលើយាន Crew Dragon របស់ Space X នេះថានឹងធ្វើសកម្មភាពសង្រ្គោះនេះបានដោយជោគជ័យ ហើយអាចនាំអវកាសយានិកទាំង២នាក់ត្រឡប់មកផែនដីនៅថ្ងៃទី ២០-២១ ខែមីនា ឆ្នាំ២០២៥ នេះវិញមិនខាន៕










