ប្រទេសអ៊ីរ៉ង់ ៖ បាតុភូតធម្មជាតិដ៏ចម្លែកមួយបានធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបារម្ភថា វាជាប្រផ្នូលប្រាប់ពីហេតុការណ៍អាក្រក់កើតឡើង គឺក្រោយពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យឆ្នេរខ្សាច់ និងទឹកសមុទ្រនៅកោះមួយរបស់ប្រទេសអ៊ីរ៉ង់ ប្រែជាពណ៌ក្រហមស្រស់ដូចឈា.ម ។.png)
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រជុំកោះ Hormuz របស់ប្រទេសអ៊ីរ៉ង់ ស្ថិតនៅឈូងសមុទ្រ Persian បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងតំបន់ និងភ្ញៀវទេសចរបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលពួកគេឃើញបាតុភូតធម្មជាតិដ៏ចម្លែក គឺភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យឆ្នេរខ្សាច់ និងទឹកសមុទ្រក្លាយជាពណ៌ក្រហម មិនខុសគ្នាពីឈាម ។
ក្រោយពីអ្នកប្រើប្រាស់ Instagram ម្នាក់ឈ្មោះ «@hormoz_omid» បានបង្ហោះវីដេអូបាតុភូតធម្មជាតិនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមទូទាំងពិភពលោក ចម្លែកចិត្ត ហើយវីដេអូនេះមានចំនួនទស្សនារហូតរាប់លាននាក់ ។ ម្ចាស់វីដេអូចង់ចែករំលែករូបភាពឱ្យមនុស្សម្នាបានឃើញពីបាតុភូតធម្មជាតិនៅតាមបណ្តោយឆ្នេរខ្សាច់កោះរបស់អ៊ីរ៉ង់ ដែលក្លាយជាពណ៌ក្រហមស្រស់ ក្រោយពីភ្លៀងធ្លាក់ ។.png)
បាតុភូតធម្មជាតិដ៏ចម្លែកបង្ហាញពីឱ្យឃើញពីបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ក្នុងវីដេអូ គឺមានទឹកពណ៌ក្រហមខាប់ធ្លាក់ពីលើច្រាំងថ្ម និងហូរចូលសមុទ្រ ស្របពេលមេឃកំពុងធ្លាក់យ៉ាងខ្លាំង ។ រូបភាពនេះធ្វើឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅឆ្នេរខ្សាច់រំភើបចិត្តយ៉ាងខ្លាំង និងនាំគ្នាពាក់អាវភ្លៀងមកឈរមើលទិដ្ឋភាពដែលកម្របានឃើញ ។
ក្រៅពីនេះ មានបុរសម្នាក់ដើរចុះទឹកសមុទ្រ ដែលពណ៌ទឹកសមុទ្រ មិនខុសគ្នាពីឈាម ។ ទោះជាមើលទៅ ដូចជារូបភាពកាត់ត ប៉ុន្តែពលរដ្ឋក្នុងតំបន់អះអាងថា វាជាបាតុភូតធម្មជាតិកើតឡើងពិតប្រាកដ និងពុំមែនជារូបភាពកាត់តទេ ។
.png)
ទោះជាមនុស្សភាគច្រើនខ្លាចរូបភាពនេះ ប៉ុន្តែអ្នកជំនាញបកស្រាយថា វាជាបាតុភូតធម្មជាតិ គឺកើតឡើងពីកំហាប់ខ្ពស់របស់អ៊ីកស៊ីតជាតិដែក (Iron Oxide) ដែលមានបរិមាណយ៉ាងច្រើនក្នុងតំបន់ ។ ហេតុនេះ ទើបសារធាតុរ៉ែផ្សេងៗនៅក្នុងដីបានផ្សំគ្នាជាមួយទឹកសមុទ្រ បង្កើតទៅជាបាតុភូតធម្មជាតិដ៏ចម្លែក ហើយវាពុំមែនជាប្រផ្នូលហេតុការណ៍អាក្រក់អ្វីឡើយ ។

ក្រោយការបង្ហោះរូបភាពប្លែកភ្នែកក្នុងបណ្តាញសង្គម ធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់ប្រាថ្នាចង់មកឃើញភ្លៀងធ្លាក់នៅឆ្នេរខ្សាច់ក្លាយជាពណ៌ឈាមដោយផ្ទាល់ភ្នែកក្នុងមួយជីវិត ។ បច្ចុប្បន្ន រដ្ឋាភិបាលអ៊ីរ៉ង់អនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តឆ្នេរខ្សាច់នេះ និងទស្សនាទេសភាពដ៏ស្រស់ស្អាតលើកោះពេញមួយឆ្នាំ ៕










