ទីក្រុងតូចមួយបានបំផុសខ្លួនឡើងជាមួយទេសភាពស្រស់ស្អាតប្លែកភ្នែកកណ្ដាលវាលខ្សាច់ធំល្វឹងល្វើយ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទាំងពិភពលោកអោយចង់មកទស្សនាដោយផ្ទាល់ ព្រមទាំងផ្ដល់ជាចម្ងល់ជាច្រើនផងដែរថាវាមានពិត ឬជាការកាត់ត ព្រោះវាចម្លែកណាស់ដែលទីក្រុងមួយបែរជាកសាងឡើងនៅកណ្ដាលវាលខ្សាច់ដូចនេះ។
ជាការពិតណាស់! ទីក្រុងនេះមានឈ្មោះថា ហ៊ូអាកាឈីណា (Huacachina) មានទីតាំងស្ថិតនៅក្បែរទីក្រុង “អ៊ីកា” ក្នុងប្រទេសប៉េរូ។ វាជាភូមិតូចមួយដែលមានប្រជាជនរស់នៅត្រឹម ១០០នាក់ប៉ុណ្ណោះ ប៉ុន្តែទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ សំណួរសួរថា តើអ្នកណាជាអ្នកកសាងវាឡើងមក ហើយចាប់តាំងពីពេលណា?
សម្រាប់ទេសភាពរបស់វាដែលមានដូចជាបឹង និងដើមឈើដុះព័ទ្ធជុំវិញនោះ គឺមិនមាននរណាបង្កើតវាឡើងមកនោះទេ ពោលគឺបឹង និងរុក្ខជាតិភាគច្រើននៅទីនោះកើតឡើងដោយធម្មជាតិតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែក្រោយមកខ្ទង់ឆ្នាំ១៩០០ ក៏មានមនុស្សរកឃើញទីតាំងនេះ ហើយពួកគេក៏បានតាំងទីរស់នៅជាបន្តបន្ទាប់។ ក្រោយៗមកទៀត ដោយយល់ឃើញថាទីនេះមានបរិយាកាសអំណោយផលពីធម្មជាតិល្អ វាបានក្លាយជាកន្លែងរបស់ក្រុមអ្នកមានអំណាចនៅប្រទេសប៉េរូសម្រាប់លម្ហែរកាយ ហើយគេជឿថាទឹកដីនេះមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺជាច្រើន។
ដោយការអភិវឌ្ឍន៍ចេះតែបន្ត បច្ចុប្បន្នគេបានកសាងអូតែ រីសត និងភោជនីយដ្ឋានជាហូរហែ ហើយវាបានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ សកម្មភាពកម្សាន្តជាច្រើននៅទីនេះមានដូចជា៖ ជិះឡាន រឺជិះស្គីលើជម្រាលខ្សាច់, ជិះទូកមើលទេសភាព, ទស្សនាថ្ងៃលិច, ញ៉ាំអាហារ និងភេសជ្ជៈប្រចាំតំបន់ រួមទាំងសកម្មភាពផ្សេងៗទៀត។
យ៉ាងណាមិញ ថ្វីត្បិតមានភ្ញៀវទេសចរទៅកម្សាន្តរាប់ពាន់នាក់ក្នុងមួយឆ្នាំៗក្ដី ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលកំពុងព្រួយបារម្ភពីស្ថានភាពរបស់ទឹកបឹង ខណៈអាកាសធាតុមានការប្រែប្រួលហើយទឹកបឹងចាប់ផ្ដើមរីងស្រក ដូច្នេះវិធីតែមួយគត់ដើម្បីរក្សាបឹងនេះអោយនៅមានជីវិត គឺគេត្រូវបូមទឹកពីទីក្រុង អ៊ីកា មកបញ្ចូលទៅក្នុងបឹងនេះជាប់ជានិច្ច៕










