សត្វកន្លាត គឺជាសត្វដែលមនុស្សគ្រប់គ្នាស្គាល់ថាជាសត្វល្អិតចង្រៃ ព្រោះតែវាគ្មានអនាម័យនិងតែងនាំមកនូវមេរោគចូលផ្ទះនោះ ប៉ុន្តែបែរជាសត្វកន្លាតមួយប្រភេទ ដែលទឹកដោះរបស់វាមានអាហាររូបត្ថម្ភលើសលប់មិនគួរអោយជឿទៅវិញ។
កាលពីឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្តបានសិក្សាឃើញថា សារជាតិចិញ្ចឹមដែលមាននៅក្នុងទឹកដោះសត្វកន្លាតមួយប្រភេទដែលមានឈ្មោះថា Pacific Beetle Cockroach គឺមានលើសទឹកដោះសត្វគោដែលមនុស្សនិយមទទួលទានរហូតដល់ទៅ៤ដង។ គេរកឃើញថានៅក្នុងទឹកដោះសត្វកន្លាតមានសារជាតិអាមីណូ-អាស៊ីតទាំង៩ ដែលល្អសម្រាប់ការលូតលាស់, មានប្រូតេអ៊ីនគ្រីស្តាល់ដែលផ្ដល់នូវថាមពល, និងមានប្រូតេអ៊ីនសំខាន់ៗទូទៅលើសទឹកដោះគោធម្មតា៤ដង ព្រមទាំងមានកាឡូរី និងជាតិខ្លាញ់ខ្ពស់ផងដែរ។ 
សូមបញ្ជាក់ថាសត្វកន្លាតប្រភេទ Pacific Beetle Cockroach នេះគឺខុសពីសត្វកន្លាតប្រភេទទូទៅ ដោយសារពួកវាមិនបង្ករកំណើតតាមរយៈការទម្លាក់ពងនោះទេ ពោលគឺវាបង្កើតកូនចេញមកតែម្ដង។ ចំពោះការរកឃើញថាទឹកដោះរបស់វាមានគុណប្រយោជន៍បែបនេះ គឺតាមរយៈការធ្វើ X-Ray Crystallography ដែលជាបច្ចេកវិទ្យាសិក្សាសម្រាប់សិក្សាពីអាតូម និងម៉ូលេគុលរបស់ធាតុដែលមាទំហំតូចៗ។

បើទោះបីជាការរកឃើញថាទឹកដោះសត្វកន្លាតនេះមានអត្ថប្រយោជន៍ និងផ្ដល់សារជាតិចិញ្ចឹមលើសទឹកដោះគោក្ដី ប៉ុន្តែក៏នៅមានហេតុផលមួយចំនួនដែលគេមិនអាចយកវាមកដាក់លក់នៅលើទីផ្សារបានដូចជា៖ ទី១ បរិមាណដែលសត្វកន្លាតអាចផលិតបានគឹមិនអាចបំពេញតម្រូវការរបស់មនុស្សនោះទេ, ទី២ បញ្ហាផ្លូវចិត្ត មនុស្សជាច្រើននឹងចង់ផឹកវាឡើយទោះបីវាមានគុណសម្បត្តិយ៉ាងណាក៏ដោយ ព្រោះវាបានមកពីសត្វកន្លាត, ទី៣ ការអាឡែកហ្ស៊ី ដោយសារវាផលិតមកពីសត្វល្អិតដូច្នេះមនុស្សមួយចំនួនអាចនឹងមានប្រតិកម្មបន្ទាប់ពីផឹកវា។.jpg)
សរុបសេចក្ដីមក យើងឃើញថាទោះបីជាទឹកដោះសត្វកន្លាតមានអត្ថប្រយោជន៍ច្រើនជាងទឹកដោះគោក្ដី ប៉ុន្តែទឹកដោះគោនៅតែជាជម្រើសល្អ និងងាយស្រួលរកបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែចុះប្រសិនបើអ្នកវិទ្យាសាស្រ្តអាចរកវិធីផលិតវាបានច្រើន និងអាចមានលក់នៅលើទីផ្សារនោះ តើអ្នកនឹងសាកល្បងញ៉ាំវាដែរ រឺទេ?










