នៅក្នុងមហាសមុទ្រមានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញចម្លើយពិតប្រាកដនោះទេ។ ទោះបីក្នុងសម័យទំនើបនេះ មានបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ជឿនលឿនស្ទើរតែគ្រប់ជ្រុងនៃផែនដីក៏ដោយ។ .png)
យោងតាមគេហទំព័របរទេស BBC Science Focus នៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយរបស់យើង មិនទាន់មានអ្នកវិទ្យាសាស្ត្រណាអាចទៅសិក្សាស្រាវជ្រាវដល់ជម្រៅជ្រៅនៃមហាសមុទ្រនោះទេ ដូច្នេះរឿងរ៉ាវអាថ៌កំបាំងទាំង ៣ ខាងក្រោមនេះនៅតែជាចម្ងល់រហូតមកដល់បច្ចុប្បន្ន។
១.តើទឹកនៅលើផែនដីកើតឡើងមកពីណា? ជាការពិតណាស់ ផែនដីត្រូវបានគ្របដណ្តប់ដោយមហាសមុទ្រ ៧០% ដែលបរិមាណទឹកដ៏ច្រើននេះបានបង្កើតជាជម្រកដ៏ធំបំផុតនៅលើភពផែនដី។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមនៃទឹកនៅតែជាអាថ៌កំបាំងសម្រាប់អ្នកវិទ្យាសាស្ត្រ ថ្វីត្បិតតែផែនដីបង្កើតឡើងប្រហែល ៤.៥ ពាន់លានឆ្នាំមុនក៏ដោយ ក៏យើងនៅតែមិនអាចកំណត់បានថា តើទឹកកើតឡើងមកពីណានោះទេ។ ដូច្នេះហើយសំនួរដែលសួរថា ហេតុអ្វីបានជាផែនដីរបស់យើងមានទឹកគ្របដណ្តប់ច្រើនម្លេះ តើទឹកទាំងនោះកើតឡើងមកពីណា ហើយអ្នកណាជាអ្នកដាក់ឈ្មោះភពផែនដី ខណៈភពនេះមានទឹកច្រើនជាងដីទៅទៀត ហេតុអ្វីមិនដាក់ឈ្មោះថាជាភពទឹកទៅ ដែលសំនួរចាក់ដោតទាំងនេះ នៅតែមិនទាន់រកឃើញចម្លើយពិតប្រាកដនោះទេ។
២.តើអ្នកណាជាអ្នកបង្កើតថ្មដ៏ចម្លែកមួយនៅក្នុងសមុទ្រ Yonaguni? នៅឯឆ្នេរសមុទ្រ Yonaguni នៃប្រទេសជប៉ុន គឺមានថ្មចម្លែកមួយត្រូវបានគេរកឃើញនៅឆ្នាំ ១៩៨៦ ដែលបង្កឱ្យមានការចម្រូងចម្រាសជាច្រើនអំពីប្រភពដើមរបស់វា។ ទម្រង់ថ្មនេះមានដុំថ្មភក់ដាក់ជង់កាត់គ្នា សន្លាក់ប៉ារ៉ាឡែល រាងជារង្វង់ជណ្តើរ និងការឆ្លាក់យ៉ាងចម្លែក ដែលនាំឱ្យអ្នកខ្លះជឿថាវាជាសំណល់នៃអរិយធម៌បុរាណដែលបាត់ទៅហើយ។

ទោះជាយ៉ាងណាសាស្ត្រាចារ្យ Masaaki Kimura ជឿជាក់ថា វាជាសំណង់ដែលបង្កើតឡើងដោយមនុស្សកាលពី ១០.០០០ ឆ្នាំមុន ដោយមានលក្ខណៈពិសេសស្រដៀងនឹងទីក្រុងបុរាណ រួមមានពីរ៉ាមីតជំហាន ផ្លូវ និងបណ្តាញទឹក។ ប៉ុន្តែសាស្ត្រាចារ្យ Robert Schoch ជឿជាក់ថា រចនាសម្ព័ន្ធនេះគឺកើតឡើងដោយធម្មជាតិនោះទេ ដែលបង្កើតឡើងដោយការបំបែកថ្មយ៉ាងស្អាតតាមយន្តហោះបញ្ឈរ និងផ្ដេក ហើយចម្លាក់ថ្មគឺជាស្នាមប្រេះធម្មជាតិលើផ្ទៃថ្មភក់។ 
ដូច្នេះហើយការជជែកវែកញែកអំពីប្រភពដើមនៃថ្ម monolith Yonaguni នៅតែបន្តដោយមានមតិផ្ទុយគ្នាពីអ្នកវិទ្យាសាស្ត្រ។ តើនេះជាសំណល់នៃអរិយធម៌ដែលបាត់បង់ ឬជាការបង្កើតដោយធម្មជាតិ? ចម្លើយនៅតែជាអាថ៌កំបាំង ដោយរង់ចាំការរកឃើញថ្មីៗបន្ថែមទៀត។
៣.តើសំឡេងចម្លែកៗនៅក្នុងសមុទ្រមកពីណា? មហាសមុទ្រជាពិភពដ៏ស្ងប់ស្ងាត់មួយ ប៉ុន្តែរាល់ពេលអ្នកមុជទឹកចុះទៅក្រោមសមុទ្រ ពួកគេតែងតែឮសំឡេងអាថ៌កំបាំងជាច្រើនរាប់មិនអស់ ខណៈអ្នកស្រាវជ្រាវគិតថា ជាសំឡេងសត្វត្រីធំៗ ឬក៏ជាសំឡេងរលក និងការបម្រែបម្រួល អាកាសធាតុផ្សេងៗដូចជាការរលាយផ្ទាំងទឹកកកជាដើម។ ទោះជាយ៉ាងណាសំឡេងដ៏គួរឱ្យខ្លាចទាំងនោះនៅតែជាអាថ៌កំបាំងនៅឡើយនោះទេ ដោយមានមតិចម្រុះផ្សេងៗគ្នា ខណៈអ្នកខ្លះជឿថានៅក្នុងមហាសមុទ្រទំនងមានសត្វចម្លែកៗជាច្រើនដែលយើងមិនដឹង ហើយអ្នកខ្លះទៀតក៏ជឿថា នៅក្នុងមហាមហាសមុទ្រប្រហែលជាមានពពួកអេលានរស់នៅទៀតផង៕.png)










