ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានបញ្ជាឱ្យស៊ើបអង្កេតរកមូលហេតុការឆេះកន្លែងគោរពសក្ការៈ «ទ្រីមុ» នៅព្រំដែន៣ប្រទេស គឺកម្ពុជា ថៃ ឡាវ ថាតើកន្លែងគោរពសក្ការៈនេះឆេះដោយសារមនុស្សដុត ឬគ្រោះធម្មជាតិ ។ លោកបានសំណូមពរឱ្យពលរដ្ឋថៃឈប់ចោទប្រកាន់មកលើកងទ័ពខ្មែរជាអ្នកដុតកន្លែងនេះ និងកុំឱ្យធ្វើស្ថានការណ៍ព្រំដែនកាន់តែតានតឹង ដើម្បីចៀសវាងជម្លោះជាមួយប្រទេសជិតខាង ។.jpg)
លោក Phumtham លើកឡើងថា ភ្លើងបានឆេះកន្លែងគោរពសក្ការៈ «ទ្រីមុ» នៅតំបន់ព្រំដែន៣ប្រទេស ហើយភ្លើងក៏ឆេះរាលដាលមកខាងទឹកដីថៃ គឺលោកព្យាយាមដោះស្រាយបញ្ហានេះ សូមពលរដ្ឋថៃកុំយកបញ្ហានេះមកធ្វើជាប្រធានបទក្តៅ នាំឱ្យមានជម្លោះជាមួយប្រទេសជិតខាង ។ ហេតុនេះ សូមឱ្យស្ថានការណ៍ស្ងប់ស្ងាត់សិន ហើយលោកនឹងបញ្ជាឱ្យកងទ័ពជើងគោកស៊ើបអង្កេតរកមូលហេតុថា តើភ្លើងឆេះកន្លែងគោរពសក្ការៈ កើតឡើងដោយសារមនុស្សដុត ឬគ្រោះធម្មជាតិ ។ លោកពុំទាន់អាចអះអាងថា កងទ័ពខ្មែរជាអ្នកដុតទេ ។
កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា លោកបានជ្រាបពីហេតុការណ៍ភ្លើងឆេះកន្លែងគោរពសក្ការៈនៅព្រំដែនកម្ពុជា-ថៃ-ឡាវ ក្នុងតំបន់ត្រីកោណមរកត ស្ថិតនៅក្បែរឃុំដូមប្រាឌីត ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ ។ វាធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើល និងចោទប្រកាន់ថា កងទ័ពខ្មែរជាអ្នកដុតកន្លែងគោរពសក្ការៈ ដោយសារមិនពេញចិត្តនឹងកងទ័ពថៃដែលតែងតែមកអុជធូបនៅទីនេះ ។ យើងនឹងដោះស្រាយបញ្ហា ហើយសូមគ្រប់គ្នាកុំធ្វើឱ្យវាក្លាយជាប្រធានបទក្តៅបង្កជម្លោះជាមួយប្រទេសជិតខាង សូមឱ្យស្ថានការណ៍ព្រំដែនធូរស្រាលសិន ។
.jpg)
ដោយឡែក មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក Thanathip Sawangsaeng និយាយថា លោកនឹងស៊ើបអង្កេតរកមូលហេតុឡើងវិញថា តើកន្លែងគោរពសក្ការៈឆេះដោយសារមនុស្សដុត ឬគ្រោះធម្មជាតិ ។ បច្ចុប្បន្ន នៅពុំទាន់ដឹងពីមូលហេតុទេ ហើយកងទ័ពខ្មែរ និងថៃ បានមកត្រួតពិនិត្យបរិវេណឆេះយ៉ាងលម្អិត ពីព្រោះកន្លែងគោរពសក្ការៈនេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៩១ សម្រាប់ជាកន្លែងទាក់ទងគ្នារវាងកម្ពុជា ថៃ និងឡាវ ។
.jpg)
លោកបន្តថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺកម្ពុជា និងថៃ បានពិភាក្សាគ្នាអំពីបញ្ហាជម្លោះព្រំដែន ហើយប្រទេសទាំងពីរបញ្ជាក់យ៉ាងច្បាស់ថា បើមានរឿងអ្វី គឺត្រូវចរចាគ្នា សាមគ្គីគ្នា និងប្រើប្រាស់កម្លាំងទ័ពដើម្បីប្រយោជន៍រួមក្នុងការស្វែងរកព័ត៌មាន ជាពិសេស ដោះស្រាយបញ្ហាក្រុមឆបោកអនឡាញ និងការលេងល្បែង ។ 
រីឯករណីពលរដ្ឋថៃសង្ស័យថា កងទ័ពខ្មែរដុតកន្លែងគោរពសក្ការៈ លោក Thanathip ប្រាប់ថា កម្ពុជា និងថៃ បានមកពិនិត្យនៅបរិវេណឆេះរួមគ្នាហើយ ។ លោកពុំអាចប្រាប់ពីមូលហេតុការឆេះទេ ពីព្រោះគ្រប់យ៉ាងត្រូវបញ្ចប់ដោយការចរចាទាំងអស់ បើភាគីណាមួយល្មើស គឺត្រូវមានការស្នើសុំកុំឱ្យធ្វើអ្វីលើសនេះ ។ ការឆេះកន្លែងគោរពសក្ការៈ គឺជារឿងតូចតាច ប៉ុន្តែថៃមានរឿងធំជាងនេះត្រូវដោះស្រាយជាមួយកម្ពុជា គឺរំដោះពលរដ្ឋថៃដែលចាញ់បោកក្រុមឆបោកអនឡាញចេញពីទីក្រុងប៉ោយប៉ែត ហើយនាំពួកគេមកថៃវិញ ៕










