ប្រទេសថៃ ៖ បើកសិករដាំចេកជំនួសស្រូវ ពិតជាល្អខ្លាំងណាស់ ពីព្រោះជប៉ុនត្រូវការទិញចេកចំនួន១លានតោនក្នុង១ឆ្នាំ ហើយបើកសិករដាំចេក១រ៉ៃ (មិនដល់១ហិកតា) នឹងទទួលបានចំណូល១សែនបាតក្នុង១ឆ្នាំ (ឬស្មើជិត៣ពាន់ដុល្លារ) ។ នេះជាលើកឡើងរបស់លោក ភិឆ័យ ណារិទ្ធថាផាន់ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ឆ្លើយតបទៅកាន់លោក ណារ៉ុងឌេត អ៊ូរ៉ាគុន មន្ត្រីគណបក្សប្រឆាំង ដែលបានសួរសំណួរក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ អំពីតម្លៃអង្ករធ្លាក់ចុះ តើក្រសួងពាណិជ្ជកម្មមានវិធានការបែបណា? ខណៈកសិករត្អូញត្អែរពីតម្លៃអង្ករនៅតែធ្លាក់ចុះ ទោះជារដ្ឋាភិបាលកំណត់វិធានការក្តី ។

លោក ណារ៉ុងឌេត អ៊ូរ៉ាគុន មន្ត្រីគណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គ្រប់គ្រងការនាំចេញអង្ករទៅក្រៅប្រទេស គឺពុំស៊ីសង្វាក់គ្នាជាមួយមន្ត្រីថ្នាក់ក្រោម ។ ក្រៅពីនេះ បញ្ហាទីផ្សារអង្ករពិភពលោក គ្មានប្រទេសណាទិញអង្ករថៃទេ ទើបធ្វើឱ្យថៃនៅសល់ស្រូវរហូតដល់ ២លាន២សែនតោន តើក្រសួងពាណិជ្ជកម្មនឹងដោះស្រាយយ៉ាងណា?
.jpg)
លោក ភិឆ័យ ណារិទ្ធថាផាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានឆ្លើយតបសំណួរនេះថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងបារម្ហពីកសិករ ពីព្រោះទុក្ខរបស់កសិករ គឺជាទុក្ខរបស់ជាតិ ។ ឥណ្ឌូណេស៊ីដែលធ្លាប់ទិញអង្ករថៃកន្លងមក ពេលនេះ ឈប់ទិញហើយ ទើបក្រសួងពាណិជ្ជកម្មថៃទំនាក់ទំនងទៅចិនឱ្យទិញអង្ករ ហើយថៃក៏បានអញ្ជើញមន្ត្រីស្ថានទូតចិនមកពិភាក្សាផងដែរ ។ ក្រៅពីនេះ ថៃបានទាក់ទងទៅប្រទេសអាហ្វ្រិកឱ្យទិញអង្ករ ហើយថៃនឹងធ្វើកិច្ចសន្យាទិញ-លក់អង្ករជាមួយអាហ្វ្រិក ចំនួន៣សែន៧ម៉ឺនតោន នៅចុងខែមីនា ឆ្នាំ២០២៥ ។.jpg)
ចំណែកការដោះស្រាយបញ្ហារយៈពេលវែង លោក ភិឆ័យ ណែនាំឱ្យកសិករដាំចេកជំនួសស្រូវ ដោយសារបច្ចុប្បន្ន ជប៉ុនត្រូវការទិញចេករហូតដល់១លានតោនក្នុង១ឆ្នាំ ប៉ុន្តែថៃអាចនាំចេញចេកទៅជប៉ុន បានតែពី២,០០០តោន ទៅ៣,០០០តោន ។ បើកសិករងាកមកដាំចេក គឺកសិករនឹងទទួលបានចំណូល១ឆ្នាំ ស្មើនឹង១សែនបាតក្នុង១រ៉ៃ ។.png)
ក្រោយពីលោក ភិឆ័យ ណែនាំឱ្យកសិករដាំចេកជំនួសស្រូវ លោក ណារ៉ុងឌេត មន្ត្រីគណបក្សប្រឆាំង ក៏បានស្នើឱ្យ លោក ភិឆ័យ ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជំនាញជាមុនសិន បើចង់ឱ្យកសិករដាំដំណាំផ្សេងជំនួសស្រូវ ។ លោក ណារ៉ុងឌេត គិតថា ក្រោយលោក ភិឆ័យ បានពិភាក្សាជាមួយអ្នកជំនាញច្រើន លោកនឹងពុំណែនាំឱ្យកសិករដាំចេកបែបនេះទេ ។

គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ ថៃបានសហការជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុនជប៉ុនយកចេកជប៉ុន មកសាកល្បងដាំនៅខេត្តណាខនរ៉ាជសីម៉ា ចំនួន១សែន៥ម៉ឺនតោន ដើម្បីពង្រីកផ្ទៃដីដាំចេកនៅថៃ ។ បើការសាកល្បងដាំចេកជប៉ុនទទួលបានជោគជ័យ កសិករថៃនឹងទទួលបានចំណូល១ឆ្នាំ ស្មើនឹង១សែនបាតក្នុង១រ៉ៃ ហើយការដាំចេកនេះជាជម្រើសថ្មីសម្រាប់កសិករដែលចង់ដាំចេកជំនួសស្រូវ ដោយសារវាមានតម្លៃខ្ពស់ជាង ៕










