ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ថៃហាមអ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank នៅលើយន្តហោះ ចាប់ពីថ្ងៃទី១៥ ខែមីនា ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។ ការហាមឃាត់នេះ គឺក្រោយពីកើតហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេស ហើយសន្និដ្ឋានថា វាបណ្តាលមកពីការប្រើប្រាស់ Power Bank លើយន្តហោះ ។
.jpg)
ហេតុនេះ ទើបក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកំណត់វិធានការផ្តល់សុវត្ថិភាពពេលធ្វើដំណើរតាមយន្តហោះ ដោយពុំអនុញ្ញាតឱ្យអ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank លើយន្តហោះ ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ ។ ការកំណត់វិធានការ គឺដើម្បីផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកដំណើរគ្រប់រូប រួមទាំងបុគ្គលិកអាកាសចរណ៍ផងដែរ ហើយក្រុមហ៊ុនសំណូមពរឱ្យអ្នកដំណើរអនុវត្តតាមវិធានការនេះ ។
.jpg)
ក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Thai Airways បញ្ជាក់ថា ដោយសារមានហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេស ហើយសន្និដ្ឋានថា គឺបណ្តាលមកពីការប្រើប្រាស់ Power Bank ពេលធ្វើដំណើរ ទើបក្រុមហ៊ុនហាមអ្នកដំណើរប្រើប្រាស់វា ។ អ្នកដំណើរអាចយកវាឡើងលើយន្តហោះបាន ប៉ុន្តែពុំអនុញ្ញាតឱ្យប្រើប្រាស់ពេលធ្វើដំណើរទេ ។.jpg)
កន្លងមក ប្រទេសថៃធ្លាប់កើតហេតុការណ៍ផ្ទុះឆេះ Power Bank នៅលើយន្តហោះ១គ្រឿង ពេលចាកចេញពីអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ទៅកាន់ខេត្តណាខនស្រ៊ីថាំម៉ារ៉ាជ ដែលបណ្តាលឱ្យចលាចលពេញយន្តហោះ ។ បន្ទាប់មក បុគ្គលិកអាកាសចរណ៍ក៏បានពន្លត់ភ្លើងវិញ ហើយអ្នកដំណើរទាំងអស់មានសុវត្ថិភាព ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលើពិភពលោក ក៏បានហាមឃាត់អ្នកដំណើរប្រើប្រាស់ និងសាកថ្ម Power Bank លើយន្តហោះដែរ នាពេលកន្លងមក ដូចជា ៖ ក្រុមហ៊ុន Air Busan របស់កូរ៉េខាងត្បូង ពុំអនុញ្ញាតឱ្យអ្នកដំណើរទុក Power Bank នៅកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើ ប៉ុន្តែអ្នកដំណើរអាចដាក់វាតាមខ្លួន ។ ក្រុមហ៊ុនបានហាមអ្នកដំណើរសាក Power Bank លើយន្តហោះ ដើម្បីកុំឱ្យ Power Bank ផ្ទុះឆេះ ។

បច្ចុប្បន្ន មនុស្សភាគច្រើនត្រូវការប្រើប្រាស់បណ្តាញសង្គមផ្សេងៗលើទូរស័ព្ទដៃរយៈពេលយូរ ជាពិសេស ក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែទូរស័ព្ទដៃរបស់ពួកគេឆាប់អស់ថ្ម ទើប Power Bank ក្លាយជាឧបករណ៍ប្រើប្រាស់ចាំបាច់សម្រាប់ដាក់តាមខ្លួន ៕










