ប្រទេសអ៊ីស្លង់ ៖ តើជ្រាបទេថា អ៊ីស្លង់ជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលគ្មានមូសសោះ? អ៊ីស្លង់ គឺជាប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបខាងជើង និងមានរូបរាងដូចកោះដ៏ធំមួយ ប៉ុន្តែមានពលរដ្ឋរស់នៅត្រឹមតែ៣សែន៥ម៉ឺននាក់ប៉ុណ្ណោះ ។ មូលហេតុដែលប្រទេសនេះគ្មានមូស ដោយសារមានអាកាសធាតុត្រជាក់ខ្លាំងពេញមួយឆ្នាំ និងមានផ្ទាំងទឹកកក ភ្នំភ្លើង និងកំអែភ្នំភ្លើង ដែលពុំអំណោយផលដល់ការបង្កកំណើតរបស់មូស ។.png)
មូសជាសត្វរស់នៅតំបន់កក់ក្តៅ ដើម្បីឱ្យពួកវាងាយស្រួលបង្កកំណើត ហើយពួកវាត្រូវការទឹកយ៉ាងច្រើន ទើបអាចរស់នៅបាន ។ ប៉ុន្តែប្រទេសជាច្រើននៅតំបន់ត្រជាក់ នៅតែមានមូស ដូចជា ៖ ហ្គ្រីនឡែន ដាណឺម៉ាក និងហ្វាំងឡង់ ខណៈអ្នកជំនាញបញ្ជាក់ថា អាកាសធាតុត្រជាក់នៅអ៊ីស្លង់ មានលក្ខណៈខុសប្លែកពីប្រទេសនានា ទើបធ្វើឱ្យមូសពុំអាចបន្តពូជ និងបង្កើតកូនចៅនៅប្រទេសនេះ ។

រដូវក្តៅនៅអ៊ីស្លង់មានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែនឹងមានអាកាសធាតុត្រជាក់យ៉ាងខ្លាំង ។ សីតុណ្ហភាពជាមធ្យមក្នុងរដូវក្តៅរបស់ប្រទេសនេះ នៅខែកក្កដា គឺស្មើនឹង១០អង្សាសេ រីឯទឹកក្នុងទន្លេ និងបឹងភាគច្រើន នឹងក្លាយជាទឹកកកពេលរដូវរងា ។ អ្នកជំនាញនិយាយថា ក្នុង១ឆ្នាំៗ មូសនៅអ៊ីស្លង់ តែងតែរឹងខ្លួនដូចទឹកកក ចំនួន៣លើក ទើបធ្វើឱ្យអ៊ីស្លង់ក្លាយជាកន្លែងពុំអំណោយផលសម្រាប់ការបន្តពូជរបស់មូស ។

ក្រៅពីអាកាសធាតុត្រជាក់ខ្លាំងហើយ អ៊ីស្លង់មានសណ្ឋានដីពុំរាបស្មើ និងពុំបង្កលក្ខណៈឱ្យមូសរស់នៅ ពីព្រោះនៅទីនេះ មានផ្ទាំងទឹកកក ភ្នំភ្លើង និងកំអែភ្នំភ្លើងយ៉ាងច្រើន ។ ហេតុនេះ វាធ្វើឱ្យមូសពិបាករកកន្លែងពង និងញាស់កូន ។
ការគ្មានមូស គឺជាគុណសម្បត្តិមួយរបស់ពលរដ្ឋអ៊ីស្លង់ ពីព្រោះមូសជាសត្វចម្លងជំងឺជាច្រើនប្រភេទ ដូចជា ៖ ជំងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនលឿង ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់លើពិភពលោក ស្លាប់ និងឈឺថ្កាត់ក្នុង១ឆ្នាំៗ ។ ក្រៅពីចម្លងជំងឺទាំងនេះ មូសបានខាំ និងជញ្ជក់ឈាមមនុស្សផងដែរ ដែលបណ្តាលឱ្យរមាស់ស្បែក ហើមសាច់ ហើយវារំខានមនុស្សយ៉ាងខ្លាំង ។
សរុបមក ដោយសារអ៊ីស្លង់គ្មានមូសសោះ ទើបធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយភ្ញៀវទេសចរជាច្រើនចូលចិត្តមកលេងទីនេះ ពីព្រោះពួកគេអាចរីករាយនឹងដំណើរកម្សាន្តពេលថ្ងៃ ដោយពុំបារម្ភខ្លាចមូសខាំ ដូចជា ៖ ដើរលេងតាមព្រៃភ្នំ ឬបោះតង់សម្រាក ។ វាធ្វើឱ្យអ៊ីស្លង់ក្លាយជាកន្លែងមានសុវត្ថិភាព និងគួរឱ្យរស់នៅសម្រាប់ពលរដ្ឋអ៊ីស្លង់ ក៏ដូចជាភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ៕










