សួនបៃតងអង្គរដែលជាអតីតភូមិវប្បធម៌កម្ពុជា បានប្រកាសចែកជូនសំបុត្រចូលទស្សនាសិល្បៈឥតគិតថ្លៃសម្រាប់បងប្អូននារីៗទាំងជាតិ និងអន្តរជាតិ មិនថាចាស់ឬក្មេងនោះទេ ដើម្បីអបអរទិវានារីអន្តរជាតិនៅថ្ងៃទី ៨ ខែមិនា។ សួនបៃតងអង្គរដែលជាអតីតភូមិវប្បធម៌កម្ពុជា ធ្លាប់បានប្រកាសបិទទ្វារកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅដោយសារមានបញ្ហាហិរញ្ញវត្ថុ។
ទោះជាយ៉ាងណានៅឆ្នាំ២០២៥ នេះការសម្តែងសិល្បៈនៅភូមិវប្បធម៌នាខេត្តសៀមរាបគឺបានត្រឡប់មកវិញហើយ។ ដូច្នេះសម្រាប់បងប្អូនដែលចង់ឃើញការសម្តែងសិល្បៈនៅភូមិវប្បធម៌ដូចកាលពីមុន បងប្អូនភ្ញៀវទេសចរគ្រប់ជាតិសាសន៍គឺអាចមកទស្សនាបាន ដោយបងប្អូនត្រូវទិញសំបុត្រក្នុងម្នាក់ ១ ម៉ឺនរៀលសម្រាប់ភ្ញៀវជាតិ និង ២ ម៉ឺនរៀលសម្រាប់ភ្ញៀវអន្តរជាតិ។
ប៉ុន្តែនៅថ្ងៃទី ៨ ខែមិនានេះ សម្រាប់បងប្អូនស្ត្រីទាំងអស់ គឺអាចចូលទស្សនាដោយឥតគិតថ្លៃតែម្តង។ រមណីយដ្ឋានសួនបៃតងអង្គរ មានទីតាំងនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅទីនេះក្រៅពីទស្សនាសិល្បៈដ៏សម្បូរបែប ដែលបង្ហាញពីវប្បធម៌ដ៏រុងរឿង តន្ត្រីបុរាណ របាំខ្មែរ ឬសិប្បកម្មខ្មែរ។
ភ្ញៀវទេសចរក៏អាចដើរកម្សាន្តនៅកន្លែងជាច្រើនទៀតជុំវិញសួនបៃតងអង្គរ ដូចជាសារមន្ទីរ សួនដៃណូស័រ ស្ពានកំពង់ក្ដី សួនប៉ាន់តែចិន កម្រងផ្កាចម្រុះពណ៌ ផ្ទះលើទឹក និងមានកន្លែងស្រស់ស្អាតមួយចំនួនទៀតផង។ លើសពីនេះលោកអ្នកក៏អាចស្វែងយល់អំពីសិល្បៈ និងស្ថាបត្យកម្ម ការរចនាបទទិដ្ឋភាពនៅក្នុងសួន ដោយបញ្ចូលជាមួយនិងរឿងព្រេងនិទានខ្មែរដែលអ្នកគួរតែសិក្សាសែ្វងយល់ផងដែរ។
គួរបញ្ជាក់ដែរថា រមណីយដ្ឋានសួនបៃតងអង្គរ ដែលជាអតីតភូមិវប្បធម៌កម្ពុជា គឺជាមជ្ឈមណ្ឌលសម្តែងពីសិល្បៈ បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ ជាផ្នែកមួយបម្រើវិស័យទេសចរណ៍នៅលើទឹកដីអង្គរ។ នៅក្នុងសួនបៃតងអង្គរនោះក៏មានភូមិខ្មែរ និងភូមិជនជាតិភាគតិចចំនួន ១២ រួមមាន៖ ភូមិខ្មែរ ភូមិចិន ភូមិចាម និងភូមិគ្រឹងជាដើម៕










