ប្រិយមិត្តជ្រាបមកហើយថាតារាម៉ូដែល ឆឹង ច័ន្ទមុនីរស្មី ដែលរងការនិយាយបៀតបៀនជាសាធារណៈពីសំណាក់ពិធីករប្រដាល់ MC Vutha បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងរហូតមានការអន្តរាគមន៍ពីក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន។ អ្វីដែលទស្សនិកជនមួយចំនួនធំមិនបានដឹង មុន្នីរស្មី គឺមានចរិតខុសពីការសម្តែងទាំងស្រុង។ នេះបើតាមការបញ្ជាក់របស់ពិធីករ ដាវុធ ដែលបានស្គាល់នាងរយៈពេល១០ឆ្នាំមកនេះ។

នៅយប់ថ្ងៃទី៤ មីនា ពិធីករនិងជាផលិតករមួយរូបគឺលោក ដាវុធ បានចេញវីដេអូរយៈពេលជាង៣នាទីរៀបរាប់ត្រួតៗពីចរិតលក្ខណៈរបស់ មុន្នីរស្មី ដែលការរស់នៅរបស់នាងក្នុងជីវិតពិតខុសពីការសម្តែងស្ទើរតែទាំងស្រុង។ លោកបាននិយាយថា នៅក្នុងរឿង រស្មី ជាមនុស្សកាច នាងហាក់សាច់ស៊ី ជាមនុស្សអឿកាយ៉យ ជាមនុស្សហាយសូរស៊ីវិល័យធូរធា ប៉ុន្តែនៅក្រៅសាច់រឿងជាមនុស្សមហាសែនស្លូត មហាសែនស្រលាញ់ខ្លួន ចេះដាក់ខ្លួន មិនរួញរាចេះធ្វើការតាំងពីអាយុ១៦ឆ្នាំ។ 
ជាមួយការនិយាយប្រៀបធៀបនេះ លោកដាវុធ ថាលោកបានស្គាល់ មុន្នីរស្មី តាំងពីអាយុ១៦ឆ្នាំ នាងពោរពេញដោយសក្កានុពលក្នុងខ្លួនហើយបើមានឱកាសលោកនឹងសហការជាមួយនាងហើយលោកពិតជាធ្វើបាន។ លើសពីនេះទៅទៀត លោក ដាវុធ អះអាងថា រស្មី ជាមនុស្សដែលមានគោលការណ៍ មិនឆេវឆាវ ចេះគោរពអ្នកដទៃ មានអំណត់អត់ធ្មត់យ៉ាងខ្លាំង នាងមិនចេះញេះញក់ទាញចំណាប់អារម្មណ៍ មិនចេះបង្ហាញភាពទន់ខ្សោយរបស់ខ្លួនឯងបើទោះបីជាមានរឿងរ៉ាវខ្លាំងយ៉ាងណាក៏ដោយក៏នាងបង្ហាញអាកប្បកិរិយាមួយមិនចុះញម មិនអង្វរអ្នកណា ស៊ូអត់បាយក៏មិនអង្វរគេខំប្រឹងប្រែងធ្វើដោយខ្លួនឯងតែម៉្យាងគត់ ហើយហេតុផលនេះហើយទើបលោកធ្វើវិដេអូនេះឡើយដើម្បីលើកទឹកចិត្តទៅកាន់នាងក្នុងពេលជួបរឿងដ៏លំបាកមួយនេះ។
គួរបញ្ជាក់ផងដែរថា ពិធីករ ជួប វុត្ថា ហៅ MC Vutha បានសរសេរលិខិតដោយដៃផ្ទាល់សូមទោសជាសាធារណៈទៅកាន់ មុន្នីរស្មី និងស្រ្តីទាំងអស់ចំពោះកំហុសខុសឆ្គងរបស់ខ្លួនដោយសន្យាមិនឱ្យមានរូបភាពនិងទង្វើបែបនេះកើតឡើងម្តងទៀតឡើយ៕










