ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ Jakarta Golbe របស់ឥណ្ឌូណេស៊ីរាយការណ៍ថា ទីក្រុងហ្សាកាតា លិចលង់ខ្លាំងដោយសារភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ បណ្តាលឱ្យកម្ពស់ទឹកក្នុងទន្លេនានាហក់ឡើងខ្ពស់ ។ អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន១,២២៩នាក់ ដែលរស់នៅភាគខាងត្បូង និងខាងកើតទីក្រុងហ្សាកាតា ទៅកាន់កន្លែងមានសុវត្ថិភាព ។
.jpg)
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ចាប់ពីថ្ងៃទី៣ ខែមីនា កន្លងមក ធ្វើឱ្យទឹកលិចទីក្រុងហ្សារកាតា និងតំបន់ជុំវិញកម្ពស់៣ម៉ែត្រ ។ ទឹកបានកាត់ផ្តាច់ផ្លូវធ្វើដំណើរមួយចំនួន ខណៈលំនៅឋានពលរដ្ឋជាង១,០០០ខ្នង និងរថយន្តជាច្រើនគ្រឿងលិចទឹក ។
អភិបាលក្រុងហ្សាកាតា លោក Pramono Anung បានប្រកាសអាសន្នទៅកាន់ពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានបង្ហូរទឹកចេញពីតំបន់លិចលង់ និងដោះស្រាយស្ថានការណ៍តាមបម្រែបម្រួលអាកាសធាតុ ។ គ្មានពលរដ្ឋណាម្នាក់រងរបួស និងស្លាប់ដោយសារទឹកជំនន់ទេ ប៉ុន្តែទឹកបានលិចតំបន់នានារបស់ទីក្រុងហ្សាកាតា ដែលមានពលរដ្ឋរស់នៅប្រមាណ១១លាននាក់ ។.jpg)
អាជ្ញាធរមូលដ្ឋានបានចែកចាយម្ហូបអាហារ ភួយ និងតង់សម្រាប់ការពារទឹកឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយពួកគេប្រាប់ឱ្យពលរដ្ឋស្នើសុំជំនួយពីអាជ្ញាធរ ករណីខ្វះខាតរបស់របរប្រើប្រាស់ផ្សេងៗ ។
សារព័ត៌មានឥណ្ឌូណេស៊ីរាយការណ៍ថា មន្ទីរពេទ្យមួយកន្លែងនៅភាគខាងកើតប្រទេសលិចទឹកខ្លាំងជាងគេ គឺទឹកបានហូរចូលក្នុងបន្ទប់អ្នកជំងឺ ។ គ្រូពេទ្យបានជួយគ្នាបញ្ជូនអ្នកជំងឺទៅសម្រាកនៅបន្ទប់ផ្សេង ខណៈបន្ទប់ខ្លះទៀតរបស់មន្ទីរពេទ្យនេះដាច់ចរន្តអគ្គិសនី ។
គួរបញ្ជាក់ថា ទីក្រុងហ្សាកាតា ដែលមានពលរដ្ឋរស់នៅជាង៣០លាននាក់ មានទឹកជំនន់ម្តងម្កាល ប៉ុន្តែទឹកជំនាន់នៅតំបន់ប៊ែងកាស៊ីពេលនេះ គឺធ្ងន់ធ្ងរបំផុត បើគិតតាំងពីឆ្នាំ២០២០ ។ នៅឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបំផុត តាំងពីឥណ្ឌូណេស៊ីបានកត់ត្រានៅឆ្នាំ១៨៦៦ ដែលបណ្តាលឱ្យពលរដ្ឋនៅទីក្រុងហ្សាកាតា ស្លាប់ជាង៦០នាក់ ៕










