សហព័ន្ធបាល់ទាត់កម្ពុជា បានអនុម័តសម្រេចសាងសង់កីឡដ្ឋានថ្មីមួយ ឈ្មោះ “កីឡដ្ឋានគោកធ្លក” និងទីស្នាក់ការផ្ទាល់ខ្លួន ដោយចំណាយថវិការប្រមាណ៤.៤លានដុល្លារ។
កីឡដ្ឋាននេះ មានទីតាំងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់។
ចំពោះកញ្ចប់ថវិកានៃគម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0។
បើតាមប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ថា៖” គម្រោងសាងសង់កីឡដ្ឋាននេះ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរៀបចំតាំងពីឆ្នាំ២០២៤ បន្ថែមលើការថែទាំទីលានតាមសាលាបាល់ទាត់តម្រង់ទិសគ្រប់រាជធានី-ខេត្ត និងការជួសជួលហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្កើនសោភ័ណ្ឌភាព នៅមជ្ឈមណ្ឌលាសាលាបាល់ទាត់ជាតិបាទី”។
ដោយឡែកចំពោះការសាងសង់វិញ កីឡដ្ឋានគោកធ្លក នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥នេះ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៦៕










