យោងតាមរយៈព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ បានសម្រេចកំណត់យកទីតាំងប្រវត្តិសាស្ត្រចំនួន ៣ដើម្បីបង្កើតជា “បូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព”។
ទីតាំងទាំង ៣ ដែលបានកំណត់ជ្រើសយកនោះ មានដូចជា៖
• អតីតមន្ទីរឃុំឃាំង១៣ មានផ្ទៃដីទំហំសរុប៩,៥ហិកតា (ប្រាំបួនហិកតាហាសិបអា) ស្ថិតក្នុងភូមិព្រៃជ្រៅ ឃុំ ក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
• សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មានផ្ទៃដីទំហំសរុប១០,៧២ហិកតា (ដប់ហិកតា ចិតសិបពីរអា) ស្ថិតក្នុងភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
• មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មានផ្ទៃដីទំហំសរុប៤,៩ហិកតា (បួនហិកតាកៅសិបអា) ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

បូជនីយដ្ឋាននេះ បង្កើតឡើងក្នុងគោលបំណងចំនួន៣៖
ទី១.ការពារ និងអភិរក្សវត្ថុតាងឯកសារ ដើម្បីទុកជាមេរៀន និងទប់ស្កាត់ការកកើតឡើងជាថ្មី នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២សីហាឆ្នាំ១៩៤៩
ទី២.ការពារបរិស្ថាន ទេសភាពប្រវត្តិសាស្ត្រ និងធនធានធម្មជាតិទាំងអស់ ក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង និងអភិវឌ្ឍតំបន់នីមួយៗ ប្រកបដោយចីរភាព ដើម្បីការពារគុណតម្លៃជាសកល
ទី៣.បង្កើនការយល់ដឹង ការសិក្សាស្រាវជ្រាវ និងការអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ ការផ្សះផ្សា និងសន្តិភាព៕










