សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារគ្រប់គ្រងទូទៅរបស់អាមេរិក General Services Administration (GSA) មានគម្រោងបិទបណ្តាញស្ថានីយសាករថយន្តអគ្គិសនីរបស់រដ្ឋនៅទូទាំងប្រទេស ដោយអះអាងថា ស្ថានីយទាំងនេះលែងចាំបាច់ទៀតហើយ ។ វាជាការអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលលោក Donald Trump ដែលឈប់គាំទ្រគម្រោងថាមពលកកើតឡើងវិញ ។.png)
បច្ចុប្បន្ន ភ្នាក់ងារគ្រប់គ្រងទូទៅរបស់អាមេរិក (GSA) មានតួនាទីគ្រប់គ្រងស្ថានីយសាករថយន្តអគ្គិសនីរាប់រយកន្លែងនៅទូទាំងប្រទេស ដែលមានរន្ធដោតសរុបប្រមាណ ៨,០០០ សម្រាប់សាករថយន្តអគ្គិសនីរបស់រដ្ឋាភិបាល និងរថយន្តអគ្គិសនីរបស់មន្ត្រីរាជការ ។ រីឯមូលហេតុនៃការបិទស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស គឺភ្នាក់ងារ GSA បញ្ជាក់ថា វាជាការអនុវត្តតាមគោលការណ៍ណែនាំរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump គឺឈប់គាំទ្រគម្រោងថាមពលកកើតឡើងវិញ ។
ការបិទស្ថានីយសាករថយន្តអគ្គិសនីនឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាល ពីព្រោះកន្លងមក រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី លោក Joe Biden គឺមានគម្រោងឱ្យពលរដ្ឋផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ លោក Biden មានគោលដៅកាត់បន្ថយការប្រើរថយន្តប្រេងឥន្ធនៈ និងបង្កើនការប្រើរថយន្តអគ្គិសនីក្នុងរដ្ឋាភិបាល ប្រមាណ ៦៥ម៉ឺនគ្រឿង ។
ការដំឡើងសា្ថនីយសាករថយន្តអគ្គិសនីនៅអាមេរិក គឺប្រើប្រាស់ថវិកាចំនួន៩៧៥លានដុល្លារ ពីគម្រោង Inflation Reduction Act របស់លោក Biden ដើម្បីលើកកម្ពស់ការប្រើប្រស់ថាមពលស្អាត ។ ការសម្រេចចិត្តបិទស្ថានីយសាករថយន្តអគ្គិសនីរបស់ភ្នាក់ងារ GSA នឹងប៉ះពាល់ដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ថាមពលស្អាត នាថ្ងៃអនាគត ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ពុំទាន់មានការប្រកាសជាផ្លូវការពីភ្នាក់ងារ GSA ពាក់ព័ន្ធនឹងការបិទស្ថានីយសាករថយន្តអគ្គិសនីទេ ៕










