កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា លើកនេះ ស្ថានការណ៍តានតឹងបានកើតឡើងម្តងទៀតនៅប្រាសាទតាមាន់ធំ គឺពលរដ្ឋថៃមួយក្រុមធ្វើដំណើរពីទីក្រុងបាងកក ដើម្បីមកទស្សនានៅប្រាសាទតាមាន់ធំ និងស្តាប់មគ្គុទ្ទេសក៍ទេសចរថៃរៀបរាប់ពីព្រំដែនខ្មែរ-ថៃ ប៉ុន្តែត្រូវបានកងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ចូលមកហាមឃាត់ ។

បើតាមវីដេអូរបស់សារព័ត៌មាន Thairath គេបានឃើញមគ្គុទ្ទេសក៍ទេសចរថៃនិយាយទៅកាន់ពលរដ្ឋថៃមួយក្រុម ដែលមកដើរលេងនៅប្រាសាទតាមាន់ធំថា ៖ «នៅចំណុចនេះ គឺជាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយនឹងមានការថែទាំរួមគ្នារវាងកងទ័ពខ្មែរ និងថៃ ដោយពុំប្រើប្រាស់អាវុធ» ។ 
ពេលមគ្គុទ្ទេសក៍ទេសចរថៃកំពុងតែនិយាយរៀបរាប់ទៅកាន់ពលរដ្ឋថៃបែបនេះ កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ក៏ប្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរថៃនិយាយបិទមេក្រូ និងពុំបានហាមឃាត់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរថៃទេ ។ 
ប៉ុន្តែថែបែរជាចោទប្រកាន់ថា កងទ័ពខ្មែរហាមភ្ញៀវទេសចរថៃដើរហួសបន្ទាត់ព្រំដែននៅលើប្រាសាទតាមាន់ធំ ធ្វើឱ្យភ្ញៀវទេសចរថៃទាំងនេះត្រូវដើរត្រឡប់ក្រោយវិញ ។
ក្រោយមក កងទ័ពថៃម្នាក់ក៏បានដើរមកពន្យល់ទៅកាន់ពលរដ្ឋថៃដែលមកដើរលេងនៅប្រាសាទតាមាន់ធំ ហើយប្រាប់ឱ្យពួកគេដើរត្រឡប់ក្រោយ ។ កងទ័ពថៃរូបនេះនិយាយថា ៖ «បន្ទាត់ព្រំដែនរបស់ថៃនៅលើប្រាសាទតាមាន់ធំ គឺកំណត់ត្រឹមដើមឈើនេះ ។ ដូច្នេះ យើងអាចមកទស្សនាប្រាសាទតាមាន់ធំបានត្រឹមចំណុចដើមឈើនេះ រីឯខាងឆ្វេងនោះ គឺជារបស់ប្រទេសជិតខាង» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប្រទេសថៃ ប៉ុន្តែត្រូវបានកងទ័ពថៃហាមឃាត់ថា ការច្រៀងចម្រៀងនេះបង្ហាញពីអត្តសញ្ញាណជាតិខ្មែរលើទឹកដីថៃ ៕










