នាក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កម្ពុជាបានស្នើឱ្យអាមេរិក ពិនិត្យ និងសិក្សាឡើងវិញលើសមយុទ្ធយោធា “ឆ្មាំអង្គរ”។
បើតាមប្រសាសន៍ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា៖” ការបន្តសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ គឺជាកិច្ចសហការក្នុងស្មារតីមិត្តភាព ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា”។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក បានលើកឡើងថា៖” សហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត”។.png)
គួរបញ្ជាក់ថា សមយុទ្ធ “ឆ្មាំអង្គរ” ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០១០ ដល់២០១៦ ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយទទួលការឧបត្ថម្ភពីកងទ័ពជើងគោកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក៕









