ប្រទេសកម្ពុជា ៖ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX និង Starlink និងជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក (DOGE ) បានបញ្ជូនអ្នកតំណាងរបស់ខ្លួនមកជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា ។ កម្ពុជាបានក្លាយជាប្រទេសគោលដៅវិនិយោគរបស់ក្រុមហ៊ុន SpaceX នៅឆ្នាំ២០២៥ ហើយក្រុមហ៊ុននេះមានគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក សារព័ត៌មានបច្ចេកវិទ្យា Developing Telecom រាយការណ៍ថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលអ្នកតំណាងក្រុមហ៊ុន SpaceX និង Starlink របស់មហាសេដ្ឋីដ៏ល្បីនៅអាមេរិក លោក Elon Musk បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីពិភាក្សាពីការវិនិយោគជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២០ ខែកុម្ភៈ ។

ពេលជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី Rebecca Hunter នាយកទីផ្សារក្រុមហ៊ុន SpaceX និង Starlink និយាយថា កម្ពុជា គឺជាគោលដៅវិនិយោគរបស់ក្រុមហ៊ុន Space X និង Starlink ហើយក្រុមហ៊ុននេះកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយរដ្ឋាភិបាលកម្ពុជា ។.png)
ក្រៅពីនេះ លោកស្រី Hunter ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់កម្ពុជាផងដែរ ដើម្បីពិភាក្សាពីការពង្រីកវិនិយោគ ។ ការពិភាក្សារវាងលោកស្រី Hunter ជាមួយមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គឺផ្តោតលើឱកាសកែលម្អសេវាទូរគមនាគមន៍របស់កម្ពុជាឱ្យកាន់តែទំនើប ខណៈការពិភាក្សារវាងលោកស្រីជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា គឺផ្តោតលើគោលដៅវិនិយោគក្នុងការលើកកម្ពស់សក្តានុពលវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ។
បច្ចុប្បន្ន ក្រុមហ៊ុន Starlink ពុំទាន់ទទួលបានលិខិតអនុញ្ញាតជាផ្លូវការក្នុងការផ្តល់សេវាកម្មនៅប្រទេសកម្ពុជាទេ ប៉ុន្តែក្រុមហ៊ុន Kiripos នៅកម្ពុជាបាននាំចូលឧបករណ៍អ៊ីនធើរណេតផ្កាយរណប Starlink ពីអាមេរិកមកចែកចាយនៅកម្ពុជា ហើយអតិថិជនត្រូវបង់ថ្លៃចំនួន២០០ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ថ្លៃសេវារ៉ូមីង (Roaming) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ។
.png)
គួរបញ្ជាក់ថា ស្ថាបនិកក្រុមហ៊ុន SpaceX និង Starlink លោក Elon Musk បានក្លាយជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក (DOGE ) ក្រោយពីគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោត ហើយលោកជាមេដឹកនាំសំខាន់ក្នុងរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ៕










