ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងបានប្រកាសពីវិធានការរឹតបន្តឹងផ្សេងៗ និងអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរលើយន្តហោះ ។ ការកំណត់វិធានការនេះធ្វើឡើងក្រោយកើតហេតុការណ៍ភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Air Busan កាលពីថ្ងៃទី២៨ ខែមករា នៅអាកាសយានដ្ឋានអន្តរជាតិគីមហ៊ែ ភាគខាងត្បូងប្រទេស ពេលយន្តហោះនេះត្រៀមចេញដំណើរទៅទីក្រុងហុងកុង ។
សារព័ត៌មាន Reuters រាយការណ៍ថា ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងបានហាមឃាត់អ្នកដំណើរយក Power Bank និងបារីអេឡិចត្រូនិកដាក់ក្នុងកាបូបទុកនៅផ្នែកខាងលើកៅអីអង្គុយ ។ ការហាមឃាត់របស់ក្រសួងដឹកជញ្ជូន គឺដូចគ្នានឹងការហាមឃាត់នាពេលកន្លងមក របស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan ។
ប៉ុន្តែអ្នកដំណើរអាចយកថ្មចល័តទំហំ១០០វ៉ាត់ម៉ោង សម្រាប់សាកឧបករណ៍អេឡិចត្រូនិក ឡើងយន្តហោះចំនួន៥ដុំ រីឯថ្មចល័តទំហំ១៦០វ៉ាត់ម៉ោង គឺអ្នកដំណើរពុំអាចយកឡើងយន្តហោះទេ ហើយការសាកថ្មចល័តលើយន្តហោះ ក៏ត្រូវហាមដែរ ។ ការហាមឃាត់នេះដើម្បីកុំឱ្យពលរដ្ឋកូរ៉េខាងត្បូងបារម្ភពីភ្លើងឆេះយន្តហោះដោយសារថ្មចល័ត បើទោះជាកូរ៉េខាងត្បូងពុំទាន់រកឃើញមូលហេតុភ្លើងឆេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan ក្តី ។
.jpg)
ក្រុមហ៊ុនអាកាសចរណ៍ Air Busan ឱ្យដឹងថា បុគ្គលិកអាកាសចរណ៍បានឃើញភ្លើងឆេះនៅកន្លែងទុកកាបូបអ្នកដំណើរផ្នែកខាងលើកៅអីអង្គុយ ហើយពួកគេសង្ស័យថា វាជាមូលហេតុបណ្តាលឱ្យភ្លើងឆេះយន្តហោះ ។ រីឯអ្នកដំណើរទាំងអស់នៅលើយន្តហោះ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ។.jpg)
អ្នកដំណើរពុំគួរដាក់ថ្មចល័តក្នុងវ៉ាលីសទេ ពីព្រោះវ៉ាលិសរបស់អ្នកដំណើរត្រូវបានបញ្ជូនទៅកន្លែងដាក់សម្ភារៈបាតយន្តហោះ ហើយវាអាចបង្កជាភ្លើងឆេះ ។ នេះបើតាមភ្នាក់ងារអាកាសចរណ៍លំដាប់ពិភពលោក ៕










