តារារ៉េប ខ្មែរមួយជីវិត (Khmer1Jivit ) គាំទ្រក្នុងការលុបបំបាត់បទចម្រៀងរ៉េបចោលនៅកម្ពុជា។ ក្នុងនោះលោកក៏សង្ឃឹមថាសិល្បៈចម្រៀងខ្មែរនឹងត្រឡប់ទៅសម័យកាលចម្លងពីគេ ស្រួលផលិតមួយឆ្នាំ២០អាល់ប៊ុមក៏បាន។ ការគាំទ្រនេះគឺបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំបញ្ឈប់រាល់ស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះនិងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះកន្លងមក។

បង្ហោះចេញពីទឹកដីអាម៉េរិកត្រូវនឹងយប់ថ្ងៃទី២០កុម្ភៈ ម៉ោងនៅកម្ពុជា តារាចម្រៀងរ៉េប ខ្មែរមួយជីវិត បានបង្ហោះសំណេរមួយថា «បំបាត់ចោលបទចម្រៀងរ៉េបចោល ក៏ល្អដែរ ខ្ញុំសង្ឃឹមថា សិល្បៈចំរៀងខ្មែរនឹងត្រឡប់ទៅកាន់សម័យកាលបទចម្លងពីគេវិញ យ៉ាងហោចណាស់ស្រួលផលិត ម៉ាឆ្នាំ២០អាល់ប៊ុមក៏បានដែរ«។ ខ្លឹមសារដែលលោកបានបង្ហោះនេះគឺក្រោយពេលក្រសួងវប្បធម៌ និងអ្នកសិល្បៈមួយចំនួនពេញចិត្តចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់បទចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ។
កាលពីថ្ងៃទី១៤ កុម្ភៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំឱ្យអ្នកសិល្បៈបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក ដោយព្រួយបារម្ភពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។ 
ក្រោយចេញសេចក្តីណែនាំនេះគេសង្កេតឃើញថាមានអ្នកទាំងគាំទ្រនិងមិនគាំទ្រជាពិសេសអ្នកគាំទ្រក្នុងចំណោមវិស័យហ៊ីបហប ខណៈគេក៏បានឃើញអ្នកសិល្បៈមួយចំនួនបានបង្ហាញការគាំទ្រចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តារាមួយចំនួនក៏បាននិយាយដែរថាសិល្បៈរ៉េបឌីសគ្នាគឺជាវប្បធម៌របស់ប្រទេសលោកខាងលិចប៉ុន្តែយើងជាជនជាតិខ្មែរយើងមិនអាចទៅធ្វើតាមដូចជាគេបាននោះទេ៕










