ប្រទេសវៀតណាម ៖ មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមកំពុងព្រួយបារម្ភពីការរកទីផ្សារថ្មីលក់ទុរេន ដោយសារចិនលែងទិញទុរេនវៀតណាមច្រើនដូចមុន ក្រោយចិនរកឃើញថា ទុរេនវៀតណាមមានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ ហេតុនេះ ចិនបានកាត់បន្ថយការនាំចូលទុរេនវៀតណាមយ៉ាងច្រើនដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋរបស់ខ្លួន ។
.png)
តាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ការនាំចេញទុរេនវៀតណាមទៅចិន បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់៨០% គឺវៀតណាមបាននាំចេញទុរេនត្រឹមតែ៣,៥០០តោនប៉ុណ្ណោះ ។ ការនាំចេញទុរេនវៀតណាមធ្លាក់ចុះបានប៉ះពាល់ដល់ប្រាក់ចំណូលដែលវៀតណាមទទួលបានពីការនាំចេញបន្លែ និងផ្លែឈើ ស្មើនឹង៤១៦លានដុល្លារអាមេរិក នៅខែមករា ឆ្នាំ២០២៥ គឺធ្លាក់ចុះ១១.៣% បើប្រៀបធៀបប្រចាំខែ និងធ្លាក់ចុះ៥.២% បើប្រៀបធៀបជាមួយឆ្នាំ២០២៤ ។.png)
ការនាំចេញទុរេនវៀតណាមទៅចិនធ្លាក់ចុះ គឺបណ្តាលមកពីវិធានការត្រួតពិនិត្យគុណភាពទុរេនរបស់ចិនកាន់តែតឹងរ៉ឹង ហើយចិនរកឃើញថា ទុរេនវៀតណាមស្ទើរទាំងអស់មានផ្ទុកសារធាតុគីមី Cadmium និងជ្រលក់ថ្នាំពណ៌ Basic Yellow 2 ដូចទុរេនថៃ ។ តាំងពីដើមឆ្នាំ២០២៥ ចិនបានកំណត់ឱ្យប្រទេសនាំចេញទុរេនទាំងអស់ត្រូវភ្ជាប់លិខិតបញ្ជាក់ការទទួលស្គាល់គុណភាពទុរេន ហើយធ្វើឱ្យការនាំចេញទុរេនវៀតណាមទៅចិនយឺតយ៉ាវយ៉ាងខ្លាំង ។ លើសពីនេះ ទុរេនវៀតណាមជាច្រើនបានកកស្ទះនៅព្រំដែន ដោយសាររង់ចាំលក្ខខណ្ឌការត្រួតពិនិត្យឯកសារគុណភាពទុរេនយ៉ាងតឹងរ៉ឹង ។
Phan Thi Men គឺជា CEO របស់ Sutech Science and Technology Consulting និយាយថា ការត្រួតពិនិត្យគុណភាពទុរេនយ៉ាងតឹងរ៉ឹងរបស់ចិន បានធ្វើឱ្យការនាំចេញទុរេនវៀតណាមធ្លាក់ចុះយ៉ាងខ្លាំង ហើយថ្ងៃខ្លះ វៀតណាមពុំអាចនាំចេញទុរេនទៅចិនបានទេ ។ រីឯអនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមប្រាប់ថា ចិនត្រួតពិនិត្យគុណភាពទុរេនវៀតណាមជាច្រើនដំណាក់កាល ហើយក្រសួងកសិកម្មវៀតណាមបានស្នើទៅមន្ត្រីស្ថាប័នពាក់ព័ន្ធពិនិត្យគុណភាពទុរេនឡើងវិញមុនពេលនាំចេញទៅចិន ជាពិសេស ពិនិត្យរកសារធាតុគីមី ដើម្បីឱ្យត្រូវតាមស្តង់ដារកំណត់របស់ចិន ។.jpg)
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងចរចាជាមួយចិនអំពីលក្ខខណ្ឌនាំចេញទុរេន ដើម្បីឱ្យចិនជួយកាត់បន្ថយលក្ខខណ្ឌការពិនិត្យគុណភាពទុរេន និងបង្កលក្ខណៈងាយស្រួលក្នុងនីតិវិធីគយ ។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញទុរេនវៀតណាមមួយចំនួនកំពុងស្វែងរកទីផ្សារថ្មីៗក្រៅពីចិន ដើម្បីបញ្ចេញទុរេនវៀតណាមយ៉ាងច្រើន ។
វៀតណាមមានចម្ការទុរេនប្រមាណ ១៦ម៉ឺន ៩ពាន់ហិកតា ដែលធំជាងផ្ទៃដីដែលរដ្ឋាភិបាលកំណត់នៅឆ្នាំ២០៣០ រហូតដល់២ដង ខណៈចំនួនដើមទុរេនទើបធំលូតលាស់ និងដើមទុរេនអាចប្រមូលផល ក៏បានកើនឡើងដែរ ។ មហាជនសន្និដ្ឋានថា ចិនលែងទិញទុរេនវៀតណាមច្រើនដូចមុនក្រោយរកឃើញផ្ទុកសារធាតុគីមី និងជ្រលក់ថ្នាំពណ៌ គឺវៀតណាមអាចនឹងបញ្ចេញទុរេនទាំងនេះមកលក់ឱ្យប្រទេសជិតខាង ៕










