ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចំនួនពលរដ្ឋថៃឆ្លងជំងឺផ្តាសាយ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ (រយៈពេល១ខែកន្លះ) គឺស្មើរហូតដល់៩៩,០៥៧នាក់ និងស្លា.ប់ ៩នាក់ ។ រីឯចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា មានអ្នកជំងឺផ្តាសាយត្រឹមតែ៧,៨១៩នាក់ប៉ុណ្ណោះ ។ ហេតុនេះ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ គឺអ្នកជំងឺផ្តាសាយបានកើនឡើង៩១,២៣៨នាក់ ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុមស័ក្តិ ទេពសុថិន រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិយាយថា ចំនួនអ្នកជំងឺផ្តាសាយបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២៤ បច្ចុប្បន្ន ជំងឺនេះឆ្លងភាគច្រើននៅសាលារៀន ។ រីឯខេត្តឆ្លងខ្លាំងជាងគេ រួមមាន ៖ នគរាជសីម៉ា សុរិន្ទ បុរីរាំ និងជ័យភូមិ សរុបស្មើ៦,៩០០នាក់ ក្នុងនោះស្លាប់៣នាក់ ។ .jpg)
កុមារអាយុពី៥ឆ្នាំ ទៅ៩ឆ្នាំ បានឆ្លងជំងឺផ្តាសាយច្រើនបំផុត បន្ទាប់មក កុមារអាយុ៤ឆ្នាំ និង៣ឆ្នាំ ។ ក្រៅពីនេះ គឺមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើង និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង ទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ដែលពួកគេគួរតែទទួលការចាក់វ៉ាក់សាំងការពារដើម្បីកុំឱ្យបាត់បង់អាយុជីវិត ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋថែទាំសុខភាពខ្លួនដោយអនុវត្តតាមវិធានការខាងក្រោម ៖
-បិទមាត់ និងច្រមុះជានិច្ច ពេលក្អក និងកណ្តាស់
-លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ឬប្រើប្រាស់អាល់កុល
-ចៀសវាងទៅកន្លែងចង្អៀតគ្មានខ្យល់ចេញ-ចូលល្អ
-បើកើតជំងឺផ្តាសាយកម្រិតស្រាល គួរសម្រាកព្យាបាលនៅផ្ទះឱ្យជាសះស្បើយដើម្បីកាត់បន្ថយការឆ្លង ។
ប៉ុន្តែបើកើតអាការៈផ្តាសាយធ្ងន់ធ្ងរ ដូចជា ៖ នឿយហត់ខ្លាំង និងបរិភោគអាហារតិចតួច ចូរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។ ក្រៅពីប្រទេសថៃ ជំងឺផ្តាសាយក៏បានឆ្លងខ្លាំងនៅប្រទេសជប៉ុន ចិន និងអាមេរិកផងដែរ បើពលរដ្ឋត្រូវធ្វើដំណើរទៅប្រទេសទាំងនេះ គួរតែចាក់វ៉ាក់សាំងការពារជាមុន យ៉ាងហោចណាស់ ២សប្តាហ៍ ។.jpg)
ជំងឺផ្តាសាយតែងតែឆ្លងរាតត្បាតខ្លាំងនៅប្រទេសថៃ គឺអំឡុងពេលសាលារៀនបើកបវេសនកាល នៅខែឧសភា ។ ហេតុនេះ ពលរដ្ឋគួរតែចាក់វ៉ាក់សាំងនៅចុងខែមេសា រហូតដល់ខែឧសភា ដើម្បីឱ្យវ៉ាក់សាំងអាចការពារជំងឺផ្តាសាយមានប្រសិទ្ធភាពបំផុត និងជួយកុំឱ្យអាការៈធ្ងន់ធ្ងរក្រោយឆ្លងជំងឺផ្តាសាយ ៕










