ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានអនុម័តថវិកាជាង៨ពាន់លានដុល្លារអាមេរិក ដើម្បីសង់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងកំពង់ផែសំខាន់ ទៅកាន់ទីក្រុងជាប់ព្រំដែនប្រទេសចិន ។ ពេលវៀតណាមសង់ផ្លូវរថភ្លើងនេះរួចរាល់ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋវៀតណាម និងចិន ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រទសទាំងពីរ ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័តថវិកាជាង៨ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយលើការសង់ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងហៃហ្វង គឺជាទីក្រុងកំពង់ផែសំខាន់បំផុតនៅភាគខាងជើងប្រទេសវៀតណាម ទៅកាន់ទីក្រុងឡៅកាយ ជាប់ព្រំដែនចិន ។ ផ្លូវរថភ្លើងនេះមានប្រវែងសរុប ៣៩០គីឡូម៉ែត្រ ហើយពលរដ្ឋប្រទេសទាំងពីរនឹងងាយស្រួលធ្វើដំណើរ ខណៈសមាជិករដ្ឋសភាបានឯកភាពលើការអនុម័តថវិកា រហូតដល់៩៥% ។
ផ្លូវរថភ្លើងនេះនឹងឆ្លងកាត់ទីក្រុងហាណូយ និងទីក្រុងសំខាន់ៗរបស់វៀតណាម ហើយចិននឹងផ្តល់ថវិកាមួយចំនួនតាមរយៈប្រាក់កម្ចីសម្រាប់គម្រោងសង់ផ្លូវរថភ្លើង ។ វៀតណាមសន្និដ្ឋានថា គម្រោងនឹងចំណាយថវិកាអស់ជាង៨ពាន់លានដុល្លារអាមេរិក ហើយផ្លូវរថភ្លើងនេះស្ថិតក្នុងចំណោមផ្លូវរថភ្លើង២ខ្សែទៅចិន ដែលធ្វើឡើងតាមគម្រោងផ្តួចផ្តើមរបស់វៀតណាមឈ្មោះ «Two Corridors, One Belt» ភ្ជាប់ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ចិន ។
ការសិក្សាគម្រោងសង់ផ្លូវរថភ្លើងតភ្ជាប់ពីទីក្រុងហៃហ្វង (Hai Phong) ទៅកាន់ទីក្រុងឡៅកាយ (Lao Cai) នឹងធ្វើឡើងមុនការសង់ផ្លូវរថភ្លើងនៅឆ្នាំ២០២៥ ។ រដ្ឋាភិបាលវៀតណាមរំពឹងថា នឹងសង់ផ្លូវរថភ្លើងរួចរាល់ និងបើកឱ្យប្រើប្រាស់នៅឆ្នាំ២០៣០ បើទោះជាវៀតណាមធ្លាប់ពន្យារពេលសង់ផ្លូវរថភ្លើង ជាពិសេស ការសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់វៀតណាមយឺតយ៉ាវក្តី ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ វៀតណាម និងចិនបានពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតក្នុងពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង មកទស្សនកិច្ចនៅវៀតណាម ខណៈចិនព្យាយាមទប់ស្កាត់ឥទ្ធិពលអាមេរិកមកលើតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ៕










