ប្រទេសតួកគី ៖ ប្រទេសតួកគីបានពិន័យប្រាក់ក្រុមហ៊ុនផលិតស្បែកជើង និងសម្ភារៈកីឡាដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ឈ្មោះ Adidas ចំនួន១៥,២០០ដុល្លារអាមេរិក ករណីក្រុមហ៊ុននេះពុំផ្តល់ដំណឹងទៅអតិថិជនឱ្យជ្រាបថា ស្បែកជើងឃ្លុបម៉ាក Samba OG ដែលទទួលបានការពេញនិយមខ្លាំងនោះផលិតពីស្បែកជ្រូក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់តួកគីឱ្យដឹងថា ក្រុមហ៊ុន Adidas បានផលិតស្បែកជើងឃ្លុបម៉ាក Samba OG ហើយទទួលបានការពេញនិយមពីអតិថិជនយ៉ាងច្រើន ព្រមទាំងតារាម៉ូឌែលអាមេរិកផងដែរ ដូចជា ៖ អ្នកនាង Kendall Jenner និងអ្នកនាង Bella Hadid ប៉ុន្តែក្រុមហ៊ុនពុំប្រាប់អតិថិជនឱ្យច្បាស់ថា ស្បែកជើងនេះផលិតពីស្បែកជ្រូក ។
ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើង ដែលប៉ះពាល់ដល់សាសនារបស់អតិថិជនភាគច្រើន គឺក្រុមហ៊ុន Adidas ត្រូវតែប្រាប់អតិថិជនឱ្យច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនបែរជាផ្សព្វផ្សាយពាណិជ្ជកម្មពីស្បែកជើងឃ្លុបម៉ាក Samba OG ដើម្បីទាក់ទាញអតិថិជន ។ ហេតុនេះ ភ្នាក់ងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតួកគី បានសម្រេចចិត្តពិន័យប្រាក់ក្រុមហ៊ុននេះ ចំនួន១៥,២០០ដុល្លារអាមេរិក ។
.png)
ចំណែកក្រុមហ៊ុន Adidas បានបញ្ជាក់ក្នុងលិខិតខ្លីមួយថា ក្រោយពីដឹងថាតួកគីពិន័យប្រាក់ ក្រុមហ៊ុនបានកែតម្រូវទិន្នន័យលម្អិតបញ្ជាក់ពីការប្រើប្រាស់ស្បែកជ្រូកធ្វើជាវត្ថុធាតុដើមផលិតស្បែកជើងឃ្លុបនៅលើគេហទំព័រ ប៉ុន្តែក្រុមហ៊ុនសូមពុំនិយាយអ្វីពាក់ព័ន្ធនឹងការពិន័យប្រាក់នេះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ការិយាល័យកិច្ចការសាសនារបស់ប្រទេសតួកគីប្រកាសថា ការផលិតស្បែកជើង ឬសម្លៀកបំពាក់ពីស្បែកជ្រូក ឬរោមជ្រូក គឺតួកគីពុំអនុញ្ញាតទេ ពីព្រោះអ្នកប្រាជ្ញមូស្លីមចាត់ទុកថា ការប្រើប្រាស់ផលិតផលធ្វើពីស្បែកជ្រូក គឺជាមនុស្សពុំបរិសុទ្ធ ៕










