ថ្ងៃនៃសេចក្តីស្រលាញ់មានមនុស្សជាច្រើនបានបង្ហាញពីសេចក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមកតាមរយៈសកម្មភាពជាច្រើន។ ក្នុងឱកាសដ៏ពិសេសនេះតារាចម្រៀងរ៉េប វណ្ណដា វិញមិនថាខ្លួនរវល់ជាមួយការងារសិល្បៈយ៉ាងណាក៏មិនភ្លេចចំណាយពេលជាមួយ ឡូរីន ដោយទៅញុំាអាហារយ៉ាងអភិជន ខណៈអ្នកទាំងពីរបានពោលពាក្យយ៉ាងផ្អែមល្ហែមបែបនេះឱ្យគ្នា។

ទស្សនិកជនមួយចំនួនធំមិនត្រឹមតែចាប់អារម្មណ៍លើតន្រ្តីរបស់ វណ្ណដា និងភាពល្បីល្បាញរបស់គេនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែជីវិតឯកជនរបស់តារារ៉េបរូបនេះក៏ត្រូវបានក្រសែភ្នែកជាច្រើនរបស់មហាជនចាប់អារម្មណ៍ដូចគ្នាជាមួយនឹងគូស្នេហ៍វ័យក្មេងរបស់លោកគឺកញ្ញា ឡូរីន ។ បច្ចុប្បន្នអាចនិយាយបានទេ វណ្ណដា កំពុងមមាញឹកជាមួយអាជីពសិល្បៈរបស់ខ្លួនដើម្បីបម្រើអារម្មណ៍ទស្សនិកជនទាំងក្នុងស្រុកនិងអន្តរជាតិប៉ុន្តែតារាប្រុសរូបនេះក៏មិនភ្លេចឆ្លៀតចំណាយពេលជាមួយក្រុមគ្រួសាររួមទាំងគូស្នេហ៍ផងដែរ។
ជាក់ស្តែងនៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់១៤ កុម្ភៈ តារារ៉េប វណ្ណដា បានបង្ហាញភាពផ្អែមល្ហែមនិងភាពកក់ក្តៅទៅកាន់ ឡូរីន ជាគូស្នេហ៍ដោយបានចំណាយពេលជាមួយគ្នាតែពីរនាក់ញុំាអាហារពេលល្ងាចនៅកន្លែងដ៏ប្រណីតនិងអភិជន ជាមួយនឹងបាច់ផ្កាយ៉ាងធំនិងស្រស់ស្អាត។ តារារ៉េបដែលមិនសូវជានិយាយច្រើនរូបនេះក៏បានទម្លាយរូបភាពផ្អែមល្ហែមរបស់ខ្លួនឱ្យហ្វេនៗបានឃើញផងដែរ។
ងាកទៅកាន់ស្រីស្អាត ឡូរីន វិញក្នុងឱកាសនេះក៏បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួនទៅកាន់ វណ្ណដា ជាមួយនឹងរូបភាពរបស់គូស្នេហ៍និងពាក្យថា «my everyday valentine » ។ ចំពោះបាច់ផ្កាដ៏ស្រស់ស្អាតដែល វណ្ណដា ជូននាងនោះ ឡូរីន បានពោលពាក្យអរគុណជាមួយនឹងការស្រលាញ់របស់នាងទៅកាន់ វណ្ណដា ផងដែរ។
មិនត្រឹមតែថ្ងៃនៃសេចក្តីស្រលាញ់ប៉ុណ្ណោះទេដែលគូស្នេហ៍ល្បីឈ្មោះមួយគូនេះបានចំណាយពេលនៅជាមួយគ្នា ជាក់ស្តែងក្នុងឱកាសពិសេសដូចជាថ្ងៃខួបកំណើត វណ្ណដា និង ឡូរីន តែងតែប្រារព្ធកម្មវិធីផ្សេងៗជាមួយគ្នាយ៉ាងរ៉ូមេនទិច៕










