ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមកាត់បន្ថយអត្រាការស្លា.ប់ របស់ពលរដ្ឋដោយសារជំងឺផ្សេងៗ តាមរយៈការបង្កើតគម្រោងត្រួតពិនិត្យសុខភាពពលរដ្ឋគ្រប់រូបពុំគិតថ្លៃ ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏មានគម្រោងផ្តល់អាហារថ្ងៃត្រង់ពុំគិតថ្លៃដល់សិស្សសាលាផងដែរ ។
.png)
ឥណ្ឌូណេស៊ីចាប់ផ្តើមអនុវត្តគម្រោងត្រួតពិនិត្យសុខភាពពលរដ្ឋប្រចាំឆ្នាំពុំគិតថ្លៃ ក្នុងគោលបំណងឱ្យពលរដ្ឋដឹងថា តើពួកគេកើតជំងឺអ្វីខ្លះ ដើម្បីព្យាបាលបានទាន់ពេលវេលា ។ ហេតុនេះ ពលរដ្ឋគ្រប់រូបមិនថាមានអាយុប៉ុន្មាន គឺអាចត្រួតពិនិត្យសុខភាពនៅថ្ងៃកំណើតរបស់ខ្លួន ហើយគ្រូពេទ្យនឹងពិនិត្យឈាម វាស់សម្ពាធឈាម វាស់ភ្នែក ត្រចៀក ពិនិត្យហានិភ័យជំងឺបេះដូង មហារីក សុខភាពផ្លូវចិត្ត និងដាច់សរសៃឈាមខួរក្បាល ។

ឥណ្ឌូណេស៊ី គឺជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤ លើពិភពលោក ហើយពលរដ្ឋឥណ្ឌូណេស៊ីភាគច្រើនស្លាប់ដោយសារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងរបេង បើការត្រួតពិនិត្យរកឃើញជំងឺ គឺពលរដ្ឋនឹងអាចព្យាលជំងឺទាន់ពេលដើម្បីកាត់បន្ថយអត្រាការស្លាប់ ។ មន្ត្រីក្រសួងសុខាភិបាលនិយាយថា គម្រោងពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃ នឹងចំណាយថវិកាច្រើនរហូតដល់ជាង១៨ម៉ឺនដុល្លារអាមេរិក ដែលចាត់ទុកថា គឺជាគម្រោងផ្នែកសុខាភិបាលដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី ។
ពីដំបូង រដ្ឋាភិបាលមានបំណងចំណាយថវិកាច្រើនជាងនេះសម្រាប់គម្រោងពិនិត្យសុខភាពពលរដ្ឋ ប៉ុន្តែថវិកាគម្រោងនេះត្រូវបានកាត់បន្ថយមួយចំនួនក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្លែងថា នឹងបែងចែកថវិកាខ្លះសម្រាប់ចំណាយក្នុងគម្រោងផ្សេង ដែលលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោត ដូចជា ៖ គម្រោងផ្តល់អាហារថ្ងៃត្រង់ពុំគិតថ្លៃដល់សិស្សសាលា ។
មន្ត្រីអគ្គនាយកដ្ឋានសុខភាពបឋម និងសហគមន៍នៃក្រសួងសុខាភិបាលឱ្យដឹងថា គម្រោងនេះមានតួនាទីការពារជំងឺផ្សេងៗដែលឆក់យកជីវិតពលរដ្ឋ ហើយក្រសួងសង្ឃឹមថា ការពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃនឹងធ្វើឡើងចាប់ពីទារក រហូតដល់មនុស្សចាស់ ដើម្បីឱ្យពួកគេយល់ដឹងពីសុខភាពរបស់ខ្លួន ។ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ពលរដ្ឋប្រមាណ១៧,០០០នាក់ បានមកពិនិត្យសុខភាព ហើយគោលបំណងរបស់គម្រោងពុំមែនព្យាបាលជំងឺទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យពលរដ្ឋព្យាបាលជំងឺទាន់ពេល ៕










