សហរដ្ឋអាមេរិក ៖ ការស្វែងរកគូស្នេហ៍តាមគេហទំព័រនានាលែងទទួលបានការចាប់អារម្មណ៍ហើយសម្រាប់ក្រុមយុវវ័យ ឬអ្នកនៅលីវនៅអាមេរិក ប៉ុន្តែពួកគេកំពុងពេញនិយមស្វែងរកគូស្នេហ៍តាមរយៈការចូលរួមក្នុងក្លិបអ្នករត់ប្រណាំង ។ អ្នករត់ហាត់ប្រាណជាច្រើនបានបង្ហោះរឿងរ៉ាវរបស់ខ្លួនក្នុងបណ្តាញសង្គមថា សុខភាពពួកគេល្អប្រសើរច្រើនក្រោយពីចូលរួមក្លិបអ្នករត់ប្រណាំង ហើយពួកគេក៏បានជួបមនុស្សក្នុងក្តីសុបិនផងដែរ ។
.png)
ក្លិបអ្នករត់ប្រណាំង Chicago Run Collective នៅទីក្រុងទីក្រុងស៊ីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក មានអ្នករត់ហាត់ប្រាណជាច្រើននាក់បានមកប្រមូលផ្តុំគ្នាតាំងពីម៉ោង៨ព្រឹក ហើយពួកគេបានចំណាយពេលជជែក ធ្វើការស្គាល់គ្នា និងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ។
នាយកក្លិបអ្នករត់ប្រណាំង Chicago Run Collective និយាយថា ក្លិបអ្នករត់ប្រណាំងភាគច្រើនផ្តោតលើការរត់ប្រណាំងម៉ារ៉ាតុងតែម្យ៉ាង ហើយវាពុំមែនជាតម្រូវការ ទើបសម្រេចចិត្តបង្កើតក្លិបនេះ នៅខែឧសភា ឆ្នាំ២០២៤ សម្រាប់ឱ្យមនុស្សគ្រប់រូបជួបជុំហាត់ប្រាណ និងរាប់អានគ្នាក្នុងសង្គម ។ ក្រោយពីបង្កើតក្លិបរួចឃើញថា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នករត់ហាត់ប្រាណដែលចង់ស្គាល់មិត្តភក្តិថ្មី ។
.png)
លើសពីនេះ ពេលក្រុមអ្នករត់ហាត់ប្រាណជួបជុំគ្នាហើយ ក្លិប Chicago Run Collective បានសរសេរស្លាកសញ្ញាផ្សេងៗឱ្យពួកគេ ដើម្បីឱ្យការរត់ប្រកបដោយបរិយាកាសរីករាយ ដូចជា ៖ «ខ្ញុំនៅលីវ មករត់ជាមួយខ្ញុំ» ។ វាជាការស្វែងរកគូស្នេហ៍តាមវិធីថ្មី ដែលយុវវ័យ និងអ្នកនៅលីវសរសើរមិនដាច់ពីមាត់ ។
ដូចគ្នានេះ ក្លិបអ្នករត់ប្រណាំង Lunge Run Club នៅទីក្រុងញូវយ៉ក ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកនៅលីវទាំងឡាយបានជួបគ្នា ។ កាលពីមុន ក្លិបនេះមានសមាជិកចាប់ពី២០នាក់ ទៅ៣០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្លិបមានសមាជិក ចាប់ពី៤០០នាក់ ទៅ៥០០នាក់ ។ នាយកក្លិបប្រាប់ថា ៖ «ពេលខ្លះ យើងទៅរត់នៅតាមផ្លូវ ព្រោះចង់ជួបមនុស្សពេញចិត្តណាម្នាក់ ហើយរត់ឡើងហត់ ទម្រាំបានជួប ។ ហេតុនេះ ក្លិប Lunge Run Club ត្រូវបានបង្កើតឡើងសម្រាប់ជាកន្លែងប្រមូលផ្តុំអ្នកស្រឡាញ់សុខភាព និងស្វែងរកគូអនាគត» ។
គួរបញ្ជាក់ថា ការដោនឡូត App ស្វែងរកគូស្នេហ៍របស់ពលរដ្ឋអាមេរិកបានធ្លាក់ចុះរហូតដល់១៦% កាលពីឆ្នាំ២០២៣ ។ អ្នកជំនាញផ្នែកណាត់ជួប បញ្ជាក់ថា ការជជែកគ្នាតាមអនឡាញពុំបានបង្កើតទំនាក់ទំនងទេ ហើយវាធ្វើឱ្យអស់សង្ឃឹមក្នុងការណាត់ជួប ពីព្រោះមនុស្សស្គាល់គ្នាតាមអនឡាញ ពុំដូចនឹងការចង់បានរបស់យើង ៕










