ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិបានបញ្ជាឱ្យកាត់ផ្តាច់ចរន្តអគ្គិសនី អ៊ីនធើរណេត និងប្រេងឥន្ធនៈ នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ចំនួន៥កន្លែង ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ ។ ការអនុវត្តវិធានការក្តៅនេះ ក្រោយពីក្រុមឆបោកបានបង្កអសន្តិសុខក្នុងសង្គម និងបោកប្រាស់ពលរដ្ឋកាន់តែខ្លាំង ។.jpg)
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយក្រោយពីលោកធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថា ក្រុមឆបោកអនឡាញធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងបោកប្រាស់ពលរដ្ឋកាន់តែខ្លាំង ។ កិច្ចប្រជុំបានឯកភាពឱ្យផ្តាច់អគ្គិសនី អ៊ីនធើរណេត និងប្រេងឥន្ធនៈ នៅថ្ងៃទី៥ ខែកុម្ភៈ នៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា ៥កន្លែង ដែលសង្ស័យថា អាចជាកន្លែងរបស់ក្រុមឆបោកអនឡាញ ។
ក្រសួងការបរទេសថៃបានជូនដំណឹងទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងស្ថាប័នផ្សេងៗ ក៏ដូចជាសាលារៀនមីយ៉ាន់ម៉ាឱ្យបានជ្រាបពីការអនុវត្តវិធានការក្តៅរបស់ថៃ ។ តាមសេចក្តីរាយការណ៍ គឺកន្លែងទាំង៥នេះ ជាទីតាំងរបស់ក្រុមឆបោកអនឡាញ ហើយក្រោយពីថៃជូនដំណឹងរួច រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងដោះស្រាយបញ្ហាបន្ត ពីព្រោះថៃពុំអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាទេ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។.jpg)
តាមប្រភពព័ត៌មានពីព្រំដែនថៃ-មីយ៉ាន់ម៉ាឱ្យដឹងថា ការផ្តាច់ចរន្តអគ្គិសនីរបស់ថៃនៅមីយ៉ាន់ម៉ា ពុំបានធ្វើឱ្យប៉ះពាល់ក្រុមឆបោកអនឡាញជនជាតិចិនទេ ពីព្រោះនៅអគារកាស៊ីណូ និងកន្លែងកម្សាន្តនានានៅទីនោះ សុទ្ធតែត្រៀមម៉ាស៊ីនភ្លើងទាំងអស់ ។ រីឯអ្នកប៉ះពាល់ខ្លាំងដោយសារថៃផ្តាច់ភ្លើង គឺពលរដ្ឋមីយ៉ាន់ម៉ា ១ម៉ឺននាក់ រស់នៅស្រុកផាយ៉ាតងឈូ ខេត្តករកាក់រេស ដែលនៅជាប់ស្រុកសាំងខាឡាក់បុរី ខេត្តកានចាណាក់បុរី ប្រទេសថៃ ខណៈក្រុមឆបោកជនជាតិចិនជាង១ម៉ឺននាក់ដែលរស់នៅទីនោះ ពុំប៉ះពាល់ឡើយ ។
ពលរដ្ឋថៃលក់ដូរនៅជាយដែនថៃ-មីយ៉ាន់ម៉ា និយាយថា មីយ៉ាន់ម៉ាគួរជូនដំណឹងឱ្យពលរដ្ឋបានជ្រាបពីការផ្តាច់ភ្លើងរបស់ថៃ វាជាការអនុវត្តវិធានការទប់ស្កាត់ក្រុមឆបោកអនឡាញរួមគ្នា ហើយថៃធ្វើដើម្បីផលប្រយោជន៍រួម ដើម្បីកុំឱ្យប៉ះពាល់ដល់ការដឹកទំនិញចេញ-ចូល ។ រីឯពលរដ្ឋមីយ៉ាន់ម៉ាលក់ដូរនៅព្រំដែនប្រាប់ថា វាពុំប៉ះពាល់ការរកស៊ីទេ ព្រោះពួកគេប្រើប្រាស់បន្ទះសូឡា ៕










