នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីដាក់សិស្សថ្នាក់ទី១និងថ្នាក់ទី២ នៅសាលាបឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឱ្យរៀនមួយថ្នាក់ជាង១៥០នាក់។
ចំពោះករណីនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖” មូលហេតុដោយសារសាលាមានគ្រូបង្រៀនត្រូវចូលនិវត្តន៍ ធ្វើឱ្យសាលាខ្វះគ្រូ ករណីនេះគណៈនាយកសាលាបានចាត់វិធានការដោះស្រាយជាបឋម ដោយដាក់សិស្សបញ្ចូលគ្នាពីរថ្នាក់មកធ្វើជាមួយថ្នាក់ ដើម្បីឱ្យសិស្សទាំងអស់អាចមានលទ្ធភាពមករៀនបាន ប៉ុន្តែការធ្វើបែបនេះជាការដោះស្រាយមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះទម្រាំសាលារកគ្រូបង្រៀនថ្មីមកជំនួសបាន”។
ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំឱ្យសាលាអញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនទម្រាំមានគ្រូថ្មីមកជំនួស ចំពោះប្រាក់ឧបត្ថម្ភលោកនឹងចាត់ចែងដោះស្រាយជូនដល់ពួកគាត់។.png)
ហេតុដូច្នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានសំណូមពរសូមឱ្យមានភាពស្ងប់ស្ងាត់ និងស្នើឱ្យអាណាព្យាបាលយកកូនពួកគាត់មករៀនជាធម្មតាឡើងវិញ៕










