ហ្សេដេស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើកដំបូងនៅក្នុងបទសម្ភាសន៍នៅពេលបានសហការជាមួយនឹងរៀមច្បងជាតារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា ។ ហ្សេដេស ថា អារម្មណ៍ពេលនោះរបស់លោកធ្វើអ្វីមិនត្រូវទាល់តែសោះ ខណៈក្តីស្រមៃធំមួយទៀតរបស់លោកគឺបានសម្តែងនៅលើឆាកអន្តរជាតិ។
ហ្សេដេស ជាអតីតបេក្ខជន TOP3 នៅក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ និងបានសាងប្រជាប្រិយភាពតាមរយៈបទ «ក្រឡុក» ដែលមានការស្តាប់ជាង៤លានដងក្នុងរយៈពេលជាង៩ខែ។ ប្រជាប្រិយភាពក្នុងនាមជាបេក្ខជនលេចធ្លោនិងមានបទល្បីល្បាញ ហ្សេដេស គឺបានធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីមានឱកាសសហការជាមួយនឹងតារាចម្រៀងល្បីឈ្មោះ វណ្ណដា ដែលមានចំណងជើងថា « SIDEQUEST» ដែលបានទម្លាក់កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ ហើយពេលនេះមានការស្តាប់ជាង៣លានដង និងបានសម្តែងនៅលើឆាកប្រគំតន្រ្តីជាមួយគ្នាផងដែរ។

ក្នុងបទសម្ភាសន៍ spotlight ហ្សេដេស ថា វណ្ណដា គឺជាអាយដលរបស់ខ្លួនមួយរូបហើយ សម្រាប់ពេលវេលាដែលជួយជាមួយ វណ្ណដា និងរួមការងារជាមួយគ្នាអារម្មណ៍របស់លោកគឺរំភើបខុសពីមុនដោយសារតែកាលពីមុនជាក្តីស្រមៃរបស់លោកបាននិយាយជាមួយមិត្តភក្តិថាថ្ងៃណាមួយលោកនឹងមានបទ Feat ជាមួយ វណ្ណដា ហើយគ្រាន់តែជាការនិយាយលួងខ្លួនឯង។ នៅពេលមានឱកាស Feat ជាមួយគ្នាមែនលោកមានការសប្បាយចិត្តខ្លាំង ពេលធ្វើបទជាមួយនឹង វណ្ណដា លោកធ្វើអ្វីមិនចេញ សូម្បីតែធ្វើប៉ារ៉ូលក៏ធ្វើមិនចេញក្នុងចិត្តមិនស្ងប់រសាប់រសល់រហូត វណ្ណដា ជួយទើបលោកធ្វើបាន។
ហ្សេដេស បានទម្លាយទៀតថា វណ្ណដា ជាមនុស្សដែលបំផុសគំនិតលោកច្រើនធ្វើឱ្យលោករឹងមាំច្រើនស្តាប់បទរបស់តារាចម្រៀងរូបនេះហើយបានរៀនសូត្រពី វណ្ណដា ច្រើនណាស់ហើយជាហ្វេនម្នាក់តាំងពីដំបូងស្តាប់បទរៀមច្បងរូបនេះសឹងតែទាំងអស់គ្រប់អាល់ប៊ុម ហើយបទខ្លះចាក់ដោតលោកខ្លាំងរហូតដល់យំ។ នៅក្នុងបទសម្ភាសន៍ដដែល ហ្សេដេស បានបង្ហើបក្តីស្រមៃធំមួយទៀតរបស់ខ្លួនគឺចង់មានការសម្តែងនៅលើឆាកអន្តរជាតិឱ្យគេស្តាប់សំឡេងរបស់លោកអ្វីដែលលោកធ្វើ៕