សម្រាប់អ្នកដែលមានបំណងចង់ចាក់សាក់ត្រូវមើលអត្ថបទនេះឱ្យចប់ ព្រោះការសាក់មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ក៏ដូចជាមានហានិភ័យជាច្រើនផងដែរ ជាពិសេសសម្រាប់អ្នកដែលនិយមចាក់សាក់ពេញខ្លួនតែម្តង។ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះមិនថាបុរស ឬស្ត្រីនោះទេសុទ្ធតែចូលចិត្តការសាក់នៅលើដងខ្លួន ដែលបង្ហាញពីអំណាច ភាពឡូយឆាយ និងទាន់សម័យ។ 
ទោះជាយ៉ាងណាអ្នកជំនាញខាងស្បែក បានក្រើនរំឭកដល់អ្នកចូលចិត្តសាក់ សូមឱ្យសង្កេតមើលលើស្បែករបស់ពួកគេ បន្ទាប់ពីចាក់សាក់រួច ព្រោះវាអាចមានការផ្លាស់ប្តូរនៃស្បែក ដែលបង្ហាញអំពីហានិភ័យ ដូចជាការឆ្លងវីរុសជាដើម…។ លោកស្រីវេជ្ជបណ្ឌិត Mingkwan Wichaidit នាយកវិទ្យាស្ថានរោគសើ ស្បែករបស់ប្រទេសថៃ បានថ្លែងថា ការចាក់សាក់ អាចបណ្ដាលឱ្យមានការឆ្លងមេរោគ ការរលាក ដែលបណ្ដាលមកពីប្រតិកម្មអាឡែកហ្ស៊ី ដោយសារទឹកថ្នាំ ឬ keloids ដែលជាការដុះលើស នៃជាលិកាស្លាកស្នាមជាដើម។
លោកស្រីវេជ្ជបណ្ឌិត ក៏បានបន្តទៀតថា ពេលខ្លះការឆ្លងមេរោគ ក៏អាចលេចចេញមកផ្ទៃស្បែកតែម្ដង ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភ។ ប៉ុន្ដែករណីនេះ មនុស្សភាគច្រើនហាក់មិនបានដឹងថា ពួកគេមានអាឡែកហ្ស៊ីអ្វីនោះទេ រីឯការប្រើប្រាស់ផលិតផល ឬថ្នាំ នៅពេលចាក់សាក់ ក៏អាចបណ្តាលឱ្យមានការរលាកស្បែកធ្ងន់ធ្ងរផងដែរ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រសិនបើអ្នកចាក់សាក់ហើយ មានកន្ទួលរមាស់ ឬចេញខ្ទុះនៅលើស្បែក អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក៕










